១. បញ្ចសតភិក្ខុ

មគ្គវគ្គ

មាន១០រឿង – ១៧គាថា

☸️១. រឿង បញ្ចសតភិក្ខុ

ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ។ ភិក្ខុទាំងឣស់នោះ បានមកប្រជុំគ្នា សន្ទនាឣំពីផ្លូវដែលខ្លួនបានទៅហើយថា “ផ្លូវពីស្រុកនេះ ទៅស្រុកនោះ មិនរាបស្មើ ផ្លូវពីស្រុកនេះ ទៅស្រុកនោះ រាបស្មើ មានក្រួសច្រើន មិនមានក្រួស” យ៉ាងនេះជាដើម ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឣស់គ្នា ប្រជុំគ្នាសន្ទនាឣំពីរឿងអ្វី?” ។ ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំង ឡាយ ប្រជុំសន្ទនាគ្នាឣំពីរឿងនេះ” ។

ព្រះសាស្តាទ្រង់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ ផ្លួវដែលពួក ឣ្នកប្រារឰនេះ គឺជាផ្លូវដែលមាននៅខាងក្រៅទេ ភិក្ខុ ចម្រើនកម្មដ្ឋាន ក្នុងឣរិយមគ្គ ទើបប្រសើរ ព្រោះថា កាលបើភិក្ខុ ធ្វើយ៉ាងនេះ នឹងរួចផុត ឣំពីសេចក្តីទុក្ខទាំងពួងបាន” ហើយត្រាស់នូវព្រះគាថានេះ ថា ៖

១.មគ្គានដ្ឋង្គិកោ សេដ្ឋោសច្ចានំ ចតុរោ បទា
វិរាគោ សេដ្ឋោ ធម្មានំទ្វិបទានញ្ច ចក្ខុមា ។

👉ផ្លូវមានអង្គ​ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ​ ៤​ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌​ប្រសើរ​ជាង​ធម៌​ទាំង​ឡាយ​ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ។

២.ឯសេវ មគ្គោ នត្ថញ្ញោទស្សនស្ស វិសុទ្ធិយា
ឯតញ្ហិ តុម្ហេ បដិបជ្ជថមារស្សេតំ បមោហនំ ។

👉ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ​ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរ​ដើរ​ទៅ​កាន់ផ្លូវនោះ​ ផ្លូវនេះ​ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ។

៣.ឯតញ្ហិ តុម្ហេ បដិបន្នាទុក្ខស្សន្តំ ករិស្សថ
អក្ខាតោ វោ មយា មគ្គោអញ្ញាយ សល្លកន្តនំ ។

👉អ្នកទាំងឡាយ​ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន​ ផ្លូវនេះហើយ ដែល​តថាគត​ថា​ ជា​ផ្លូវ​កម្ចាត់​បង់​កូនសរ ប្រាប់អ្នកទាំងឡាយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ២០-មគ្គវគ្គរឿង

📜១. បញ្ចសតភិក្ខុ
📜២. ឣបរបញ្ចសតភិក្ខុ
📜៣. ព្រះបធានកម្មិកតិស្សត្ថេរ
📜៤. សូករប្រេត
📜៥. ព្រះបោឋិលត្ថេរ
📜៦. មហលកភិក្ខុ
📜៧. សទ្ធិវិហារិកព្រះសារីបុត្រ
📜៨. មហាធនពាណិជ
📜៩. នាងកីសាគោតមី
📜១០. នាងបដាចារាថេរី