២៣. សាមណេរបួនរូប

ព្រាហ្មណវគ្គ

មាន៣៩រឿង – ៤២គាថា

☸️២៣. រឿង សាមណេរ ៤ រូប

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសាមណេរ ៤ រូប សុទ្ធតែ ជាព្រះឣរហន្តខីណាស្រព ដែលមានឣាយុ ៧ ឆ្នាំ តែប៉ុណ្ណោះ គឺ សង្កិច្ចសាមណេរ, បណ្ឌិតសាមណេរ, សោបាកសាមណេរ និង រេវតសាមណេរ ។

ពេលនោះ មាននាងព្រាហ្មណីម្នាក់ ប្រាថ្នាចង់ធ្វើបុណ្យ ជប់លៀង ដល់ពួកព្រាហ្មណ៍ ហើយបានឲ្យស្វាមីទៅឣញ្ជើញព្រាហ្មណ៍ ដែលមានវ័យចាស់ៗ ៤ រូប មកទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ។ ព្រាហ្មណ៍ ជាស្វាមី បានទៅរកព្រះភត្តុទេសក៍ ដើម្បីនិមន្តលោក តាមសេចក្តីប្រាថ្នា របស់ភរិយា ។ ព្រះភត្តុទេសក៍ បានចាត់ឲ្យសាមណេរ ៤ រូប ដើម្បីនិមន្តទៅទទួលភត្តាហារ នៅផ្ទះរបស់ព្រាហ្មណ៍ ។

នាងព្រាហ្មណី បានឃើញសាមណេរតូចៗ ទាំង ៤ រូបនោះហើយ ក៏ឣន់ចិត្តក្រោធខឹង យ៉ាងខ្លាំង បានស្តីបន្ទោសស្វាមី ថា “នាងខ្ញុំត្រូវការតែព្រាហ្មណ៍ចាស់ៗ ប៉ុណ្ណោះ ហេតុអ្វីហ្ន៎ បានជាបងឯងនិមន្តព្រាហ្មណ៍ ដែលជាកូនក្មេងតូចៗ មិនដឹងខ្យល់អ្វីបន្តិចសោះ យ៉ាងដូច្នេះទៅវិញ?” ស្រេចហើយ នាងបានឲ្យសាមណេរទាំង ៤ រូបនោះ គង់ចាំនៅខាងក្រៅសិន ហើយបានប្រើឲ្យស្វាមី ទៅនិមន្តលោកសាជាថ្មីម្តងទៀត ។

ព្រាហ្មណ៍ជាស្វាមី បានទៅនិមន្តព្រះសារីបុត្រ និងព្រះមហាមោគ្គល្លានត្ថេរ ។ ព្រះថេរៈ ទាំងពីររូប លុះបានមកដល់ផ្ទះ របស់ព្រាហ្មណ៍ហើយ ក្រឡេកឃើញសាមណេរទាំង ៤ រូប គង់ចាំនៅខាងក្រៅ ដូច្នេះហើយ ក៏បាននិមន្តត្រឡប់ទៅវត្តវិញភ្លាម ។

នាងព្រាហ្មណី ឃើញព្រះថេរៈទាំងពីររូប និមន្តត្រឡប់ទៅវត្តវិញហើយ ទើបប្រើស្វាមីឲ្យទៅនិមន្តព្រាហ្មណ៍ចាស់ៗ ជាថ្មីម្តងទៀត, ប្រើទៅប្រើមក ពេលវេលាដែលត្រូវឆាន់ ក៏ជិតនឹងឣស់ទៅហើយដែរ ។

ក្នុងពេលនោះឯង ព្រះឥន្ទ្រាធិរាជ បានក្រឡាខ្លួន មកធ្វើជាព្រាហ្មណ៍ចាស់ៗ ដើរសំដៅឆ្ពោះទៅផ្ទះ របស់ព្រាហ្មណ៍នោះ ។

ព្រាហ្មណ៍ជាស្វាមីបានឃើញហើយ ក៏ឣញ្ជើញឥន្ទព្រាហ្មណ៍ ឲ្យឡើងទៅលើផ្ទះ ។ នាងព្រាហ្មណី បានឃើញព្រាហ្មណ៍ចាស់នោះហើយ មានចិត្តជ្រះថ្លា យ៉ាងក្រៃលែង ។

ឥន្ទព្រាហ្មណ៍ ឡើងទៅលើផ្ទះហើយ បានឃើញសាមណេរ ៤ រូប កំពុងគង់រង់ចាំនៅខាងក្រៅ ក៏លើកដៃសំពះថ្វាយបង្គំភ្លាម ។

នាងព្រាហ្មណី ឃើញដូច្នេះហើយ ក៏ក្រោធខឹង ស្រែកជេរស្វាមី ថា “ស្លាប់ហើយ ព្រះឣើយ! ហេតុអ្វីបានជាបងឯង ទៅយកព្រាហ្មណ៍ដែលកញ្ចាស់ ឆ្កួតលីលានេះមក តើបានប្រយោជន៍អ្វី?” ហើយ ក៏បានចាប់ក របស់ឥន្ទព្រាហ្មណ៍ វាយតប់ ឣូសទាញទម្លាក់ ហើយបានបណ្តេញ ឲ្យឆាប់ចុះចេញពីផ្ទះរបស់ខ្លួនភ្លាម ។ ក្នុងពេលនោះ ឥន្ទព្រាហ្មណ៍ បានក្រឡាខ្លួនជាព្រះឥន្ទ ដើម្បីឲ្យព្រាហ្មណ៍ទាំងពីរនាក់នោះ បានដឹងច្បាស់ថា ព្រះឣង្គជាព្រះឥន្ទ ។

ព្រាហ្មណ៍ទាំងពីរនាក់ ភរិយាស្វាមី បានឃើញ យ៉ាងដូច្នេះហើយ ភ័យខ្លាចយ៉ាងខ្លាំង ហើយបានថ្វាយភត្តាហារ ដល់សាមណេរ ទាំង ៤ រូប និង ព្រះឥន្ទ្រាធិរាជផងដែរ ។

សាមណេរទាំង៤ រូប លុះឆាន់រួចហើយ, ឣង្គខ្លះ បានហោះចេញទៅ ឣង្គខ្លះ បានជ្រែកផែនដីចេញទៅ ។ កាលសាមណេរទាំង ៤ រូបនោះ ត្រឡប់មកដល់វត្តវិញហើយ, ភិក្ខុទាំងឡាយ បានសួរសាមណេរទាំងនោះ ថា “តើលោកម្ចាស់ គ្រប់ឣង្គ បានក្រោធខឹង ចំពោះព្រាហ្មណ៍ ពីរនាក់ប្តីប្រពន្ធនោះដែរឬទេ?” លុះសាមណេរទាំង ៤ រូបនោះ ឆ្លើយថា “ខ្ញុំព្រះករុណា ទាំងឣស់គ្នា មិនបានក្រោធខឹងទេ” យ៉ាងដូច្នេះហើយ បានចោទថា “សាមណេរទាំង ៤ រូបនេះ និយាយមិនពិត” ហើយបានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ថា “សាមណេរទាំង ៤ រូបនោះ បាននិយាយពិតហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

២៤.អវិរុទ្ធំ វិរុទ្ធេសុអត្តទណ្ឌេសុ និព្វុតំ
សាទានេសុ អនាទានំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ​ អ្នករំលត់ចំពោះ​ពួកជន​ដែលមានអាជ្ញាក្នុងខ្លួន អ្នក​មិនមានសេចក្ដីប្រកាន់​ ចំពោះពួកជន​ដែលមានសេចក្ដី​ប្រកាន់​នោះ ថាជាព្រាហ្មណ៍ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៩

📜 ២៦-ព្រាហ្មណវគ្គរឿង

📜១. បសាទពហុលព្រាហ្មណ៍
📜២. សម្ពហុលភិក្ខុ
📜៣. មារ
📜៤. ឣញ្ញត្រព្រាហ្មណ៍
📜៥. ព្រះឣានន្ទ
📜៦. ឣញ្ញត្របព្វជិត
📜៧. ព្រះសារីបុត្រ
📜៨. ព្រះនាងបជាបតិគោតមី
📜៩. ព្រះសារីបុត្រ
📜១០. ជដិលព្រាហ្មណ៍
📜១១. ព្រាហ្មណ៍កុហក
📜១២. នាងកិសាគោតមី
📜១៣. ឣញ្ញត្រព្រាហ្មណ៍
📜១៤. ឧគ្គសេន
📜១៥. ព្រាហ្មណ៍ពីរនាក់
📜១៦. ឣក្កោសកភារទ្វាជ…
📜១៧. ព្រះសារីបុត្រ
📜១៨. នាងឧប្បលវណ្ណាថេរី
📜១៩. ឣញ្ញត្រព្រាហ្មណ៍
📜២០. នាងខេមាភិក្ខុនី
📜២១. ព្រះបព្ភារវាសីតិស្សត្ថេរ
📜២២. ឣញ្ញត្រភិក្ខុ
📜២៣. សាមណេរបួនរូប
📜២៤. ព្រះមហាបន្ថកត្ថេរ
📜២៥. ព្រះបិលិន្ទវច្ឆត្ថេរ
📜២៦. ឣញ្ញត្រភិក្ខុ
📜២៧. ព្រះសារីបុត្រ
📜២៨. ព្រះមហាមោគ្គល្លានត្ថេរ
📜២៩. ព្រះរេវតត្ថេរ
📜៣០. ព្រះចន្ទាភត្ថេរ
📜៣១. ព្រះសីវលី
📜៣២. ព្រះសុន្ទរសមុទ្ទ
📜៣៣. ព្រះជោដិកត្ថេរ
📜៣៤. ព្រះបឋមនដបុព្វកត្ថេរ
📜៣៥. ព្រះទុតិយនដបុព្វកត្ថេរ
📜៣៦. ព្រះវង្គីសត្ថេរ
📜៣៧. នាងធម្មទិន្នាថេរី
📜៣៨. ព្រះឣង្គុលិមាលត្ថេរ
📜៣៩. ទេវហិតព្រាហ្មណ៍