☸️២៤. តណ្ហាវគ្គ មាន ២៦ គាថា
| ១. | មនុជស្ស បមត្តចារិនោ | តណ្ហា វឌ្ឍតិ មាលុវា វិយ |
| សោ ប្លវតី ហុរាហុរំ | ផលមិច្ឆំវ វនស្មឹ វានរោ ។ |
👉តណ្ហា តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើហើយ ចម្រើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ លោតក្នុងព្រៃ ដូច្នោះដែរ ។
| ២. | យំ ឯសា សហតេ ជម្មី | តណ្ហា លោកេ វិសត្តិកា |
| សោកា តស្ស បវឌ្ឍន្តិ | អភិវឌ្ឍំវ ពីរណំ ។ |
👉តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្ដាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូតលេចឡើង ដូច្នោះដែរ ។
| ៣. | យោ វេ តំ សហតេ ជម្មិំ | តណ្ហំ លោកេ ទុរច្ចយំ |
| សោកា តម្ហា បបតន្តិ | ឧទពិន្ទុវ បោក្ខរា ។ |
👉ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្ដាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ ។
| ៤. | តំ វោ វទាមិ ភទ្ទំ វោ | យាវន្ត្វេត្ថ សមាគតា |
| តណ្ហាយ មូលំ ខនថ | ឧសីរត្ថោវ ពីរណំ | |
| មា វោ នឡំវ សោតោវ | មារោ ភញ្ជិ បុនប្បុនំ ។ |
👉ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំគ្នា ក្នុងទីនេះ សេចក្ដីចម្រើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។
| ៥. | យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេ | ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ |
| ឯវម្បិ តណ្ហានុសយេ អនូហតេ | សុនិព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។ |
👉កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ ( មានជាតិទុក្ខជាដើម )នេះ ក៏តែងកើតរឿយៗ មានឧបមេយ្យដូច្នោះឯង ។
| ៦. | យស្ស ឆត្តឹសតិសោតា | មនាបសវនា ភុសា |
| មហា វហន្តិ ទុទ្ទិដ្ឋឹ | បុសង្កប្បា រាគនិស្សិតា ។ |
👉ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិភ្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ ។
| ៧. | សវន្តិ សព្វធិ សោតា | លតា ឧប្បជ្ជ តិដ្ឋតិ |
| តញ្ច ទិស្វា លតំ ជាតំ | មូលំ បញ្ញាយ ឆិន្ទថ ។ |
👉ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហាដូចវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិតគឺបញ្ញា ។
| ៨. | សរិតានិ សិនេហិតានិ ច | សោមនស្សានិ ភវន្តិ ជន្តុនោ |
| តេ សាតសិតា សុខេសិនោ | តេ វេ ជាតិជរូបគា នរា ។ |
👉សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិ និងជរា ។
| ៩. | តសិណាយ បុរក្ខតា បជា | បរិសប្បន្តិ សសោវ ពាធិតោ |
| សញ្ញោជនសង្គសត្តកា | ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។ |
👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយដែលព្រានទាក់បានហើយដូច្នោះ ពួកសត្វដែលជាប់ក្នុងសំយោជនៈ និងសង្គធម៏ ( ធម៌ជាគ្រឿងជំពាក់ ) តែងដល់នូវសេចក្ដីទុក្ខរឿយៗ អស់កាលជាអង្វែង ។
| ១០. | តសិណាយ បុរក្ខតា បជា | បរិសប្បន្តិ សសោវ ពន្ធិតោ |
| តស្មា តសិណំ វិនោទយេ | អាកង្ខន្ត វិរាគមត្តនោ ។ |
👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ ។
| ១១. | យោ និព្ធនថោ វនាធិមុត្តោ | វនមុត្តោ វនមេវ ធាវតិ |
| តំ បុគ្គលមេថ បស្សថ | មុត្តោ ពន្ធនមេវ ធាវតិ ។ |
👉បុគ្គលណា មិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃគឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃ គឺតណ្ហាហើយ ស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះឯង បុគ្គលនោះរួចចាកចំណង គឺឃរាវាសហើយ ស្ទុះទៅរកចំណងគឺឃរាវាសវិញ ។
| ១២. | ន តំ ទឡ្ហំ ពន្ធនមាហុ ធីរា | តុយទាយសំ ទារុជបព្វជញ្ច |
| សារត្តរត្តា មណិកុណ្ឌលេសុ | បុត្តេសុ ទារេសុ ច យា អបេក្ខា ។ |
👉ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅចំណងនោះថា ជាចំណងមាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណីនិងកុណ្ឌលទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូននិងប្រពន្ធទាំងឡាយក្ដី ។
| ១៣. | ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា | ឱហារិនំ សិថិលំ ទុប្បមុញ្ចំ |
| ឯតម្បិ ឆេត្វាន បរិព្វជន្តិ | អនបេក្ខិនោ កាមសុខំ បហាយ ។ |
👉អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេកអរ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ ( ទាញសត្វទម្លាក់ទៅក្នុងអបាយ ) ជាចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។
| ១៤. | យេ រាគរត្តានុបតន្តិ សោតំ | សយំកតំ មក្កដកោវ ជាលំ |
| ឯតម្បិ ឆេត្វាន វជន្តិ ធីរា | អនបេក្ខិនោ សព្វទុក្ខំ បហាយ ។ |
👉ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាន់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះទុក្ខទាំងពួងចេញទៅ ។
| ១៥. | មុញ្ច បុរេ មុញ្ច បច្ឆតោ | មជ្ឈេ មុញ្ច ភវស្ស បារគូ |
| សព្វត្ថ វិមុត្តមានសោ | ន បុន ជាតិជរំ ឧបេហិសិ ។ |
👉អ្នកចូរដោះ ( សេចក្ដីអាល័យ ) ក្នុងកាលមុនចេញ ចូរដោះ ( សេចក្ដីអាល័យ ) ក្នុងខាងក្រៅចេញ ចូរដោះ( សេចក្ដីអាល័យ ) ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ ។
| ១៦. | វិតក្កមថិតស្ស ជន្តុនោ | តិព្វរាគស្ស សុភានុបស្សិនោ |
| ភិយ្យោ តណ្ហា បវឌ្ឍតិ | ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។ |
👉តណ្ហារមែងចម្រើនក្រៃលែង ដល់ជនដែលវិតក្កញាំញី មានតម្រេកក្លៀវក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯងឈ្មោះថា ធ្វើចំណងឲ្យមាំមួន ។
| ១៧. | វិតក្កូបសមេ ច យោ រតោ | អសុភំ ភាវយតី សទា សតោ |
| ឯស ខោ ព្យន្ដិកាហិតិ | ឯសច្ឆេច្ឆតិ មារពន្ធនំ ។ |
👉លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្ក មានស្មារតីសព្វកាល តែងចម្រើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។
| ១៨. | និដ្ឋង្គតោ អសន្តាសី | វីតតណ្ហោ អនង្គណោ |
| អច្ឆិន្ទិ ភវសល្លានិ | អន្តិមោយំ សមុស្សយោ ។ |
👉បុគ្គលណា ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរគឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្ដុំគ្នាហើយនេះរបស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។
| ១៩. | វីតតណ្ហោ អនាទានោ | និរុត្តិបទកោវិទោ |
| អក្ខរានំ សន្និបាតំ | ជញ្ញា បុព្វាបរានិ ច | |
| ស វេ អន្តិមសារីរោ | មហាបញ្ញោតិ វុច្ចតិ ។ |
👉បុគ្គលណា មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាសក្នុងនិរុត្តិ ( វាចាជាគ្រឿងសំដែងចេញ ) និងបទដ៏វិសេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។
| ២០. | សព្វាភិភូ សព្វវិទូហមស្មិ | សព្វេសុ ធម្មេសុ អនូបលិត្តោ |
| សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ | សយំ អភិញ្ញាយ កមុទ្ទិសេយ្យំ ។ |
👉តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណា ជាគ្រូអាចារ្យទៀត ។
| ២១. | សព្វទានំ ធម្មទានំ ជិនាតិ | សព្វរសំ ធម្មរសោ ជិនាតិ |
| សព្វរតឹ ធម្មរតិ ជិនាតិ | តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។ |
👉ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
| ២២. | ហនន្តិ ភោគា ទុម្មេធំ | នោ ច បារគវេសិនោ |
| ភោគតណ្ហាយ ទុម្មេធោ | ហន្តិ អញ្ញេវ អត្តនំ ។ |
👉ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអប្បឥតប្រាជ្ញា ប៉ុន្ដែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលអប្បឥតប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ ។
| ២៣. | តិណទោសានិ ខេត្តានិ | រាគទោសា អយំ បជា |
| តស្មា ហិ វីតរាគេសុ | បាបានំ អទិន្នំ ហោតិ មហប្ផលំ ។ |
👉ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន ។
| ២៤. | តិណទោសានិ ខេត្តានិ | ទោសទោសា អយំ បជា |
| តស្មា ហិ វីតទោសេសុ | ទិន្នំ ហោតិ មហប្ផលំ ។ |
👉ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន ។
| ២៥. | តិណទោសានិ ខេត្តានិ | មោហទោសា អយំ បជា |
| តស្មា ហិ វីតមោហេសុ | ទិន្នំ ហោតិ មហប្ផលំ ។ |
👉ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន ។
| ២៦. | តិណទោសានិ ខេត្តានិ | ឥច្ឆាទោសា អយំ បជា |
| តស្មា ហិ វីគតិច្ឆេសុ | ទិន្នំ ហោតិ មហប្ផលំ ។ |
👉ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន ។
ចប់តណ្ហាវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ