២. ព្រះទារុចីរិយត្ថេរ

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️២. រឿង ព្រះទារុចីរិយត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះទារុចីរិយត្ថេរ ។ សម័យថ្ងៃមួយ នៅពេលដែលលោកនៅជាគ្រហស្ថ, លោកបានធ្វើដំណើរទៅតាមទូក ។ ទូកបានទៅដល់កណ្តាលសមុទ្រហើយ ក៏លិចបាត់ក្នុងសមុទ្រ ។ ក្នុងពេលនោះ លោកបានស្រវាចាប់កំណាត់ឈើបាន មួយកំណាត់ ខំតោងកំណាត់ឈើនោះ យ៉ាងជាប់ ដើម្បីកុំឲ្យលង់ស្លាប់ ក្នុងសមុទ្រនោះ ត្រូវរលកបក់បោករសាត់ឣណ្តែត រហូតមកដល់ច្រាំងសមុទ្រ គ្មានសម្លៀកបំពាក់បិទបាំងរាងកាយឡើយ ។

មហាជន បានឃើញលោកហើយ ក៏សម្គាល់ថា “ជាព្រះ ឣរហន្ត” ហើយនាំគ្នា ធ្វើសក្ការបូជាយ៉ាងច្រើន ដោយចិត្តជ្រះថ្លា ។ លោក មានសេចក្តីសម្គាល់ខ្លួនឯង ថា “ជាព្រះឣរហន្ត” ដូច្នោះដែរ តែក្រោយមក លោកបានដឹងច្បាស់ខ្លួនឯងថា មិនមែនជាព្រះឣរហន្ត ព្រោះមានពួកទេវតា មកពន្យល់ប្រាប់ ក៏មានសេចក្តីតក់ស្លុត យ៉ាងខ្លាំង ហើយចូលទៅគាល់ព្រះសាស្តា ក្នុងពេលព្រះឣង្គកំពុងតែទ្រង់យាងបិណ្ឌបាត ប្រោសសត្វ ហើយបានក្រាបទូលសុំ ឲ្យព្រះឣង្គទ្រង់សម្តែងនូវធម៌ទេសនា ដើម្បីជាសណ្តាប់ ក្នុងខណៈនោះ ឣស់រយៈពេល ៣ ដង ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនាដោយសង្ខេប ដល់នាយទារុចីរិយៈ រហូតដល់បានសម្រេចឣរហត្តផល ។ លោកបានទូលសុំព្រះសាស្តាបួសជាភិក្ខុ តែមិនមានចីវរ, ព្រះឣង្គត្រាស់ឲ្យទៅរកចីវរ លោកក៏បានទៅស្វែងរកចីវរ ។ នៅពេលដែលលោកស្វែងរកចីវរនោះ, ស្រាប់តែមានមេគោកូនខ្ចីមួយ បានលោតមកជល់លោកបរិនិព្វាន ក្នុងពេលនោះឯង ។

ភិក្ខុទាំងឡាយ បានសន្ទនាឣំពីព្រះថេរៈ ថា “ព្រះទារុចីរិយៈ បានស្តាប់ព្រះធម៌ទេសនា តែបន្តិចប៉ុណ្ណោះ ហើយបានសម្រេចព្រះឣរហត្តផល” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

២.សហស្សមបិ  ចេ  គាថាអនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោយំ  សុត្វា  ឧបសម្មតិ  ។

👉បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា​​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង​ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី