អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️២. រឿង ព្រះមហាកស្សបត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកស្សបត្ថេរ ។ ព្រះមហាកស្សបៈ មានញាតិញោមស្គាល់ជាច្រើន នៅក្នុងក្រុងរាជគ្រឹះ ។ ភិក្ខុទាំងឡាយ បានរិះគន់ព្រះថេរៈ ថា “ជាឣ្នកជាប់ជំពាក់ ក្នុងត្រកូលញាតិញោម និង ក្នុងបច្ច័យទាំងឡាយ” ។ ព្រះសាស្តា ជ្រាបហើយ ទ្រង់ធានារ៉ាប់រង ថា “ព្រះមហាកស្សបៈ មិនបានជាប់ជំពាក់ ក្នុងអ្វីៗ ទាំងឣស់” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២. | ឧយ្យុញ្ជន្តិ សតីមន្តោ | ន និកេតេ រមន្តិ តេ |
| ហំសាវ បល្លលំ ហិត្វា | ឱកមោកំ ជហន្តិ តេ ។ |
👉ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ ក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាននិងវិបស្សនា ដោយកិច្ច គឺរំពឹង ចូល ចេញ អធិដ្ឋាន ឬពិចារណាមិនសម្រាក ] លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះឯង ។
