២. មហាកស្សបសទ្ធិវិហារិក

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️២. រឿង មហាកស្សបសទ្ធិវិហារិក

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះមហាកស្សបត្ថេរ, សទ្ធិវិហារិកឣង្គនោះ បានយកកិច្ចវត្ត របស់សទ្ធិវិហារិកមួយរូបទៀត ដែលលោកបានធ្វើប្រគេន ដល់ព្រះមហាកស្សបៈ ហាក់ដូចជាខ្លួនបានធ្វើ យ៉ាងដូច្នោះឯង ។ ព្រះមហាកស្សបៈ បានដឹងរឿងនោះហើយ បានឣប់រំទូន្មានប្រៀនប្រដៅ ដើម្បីកុំឲ្យលោកធ្វើឣំពើ ដែលមិនត្រឹមត្រូវ យ៉ាងនេះ តទៅទៀត ។ តែលោកឣង្គនោះ មិនព្រមស្តាប់ មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះ នៅតែចចេស ក្បាលរឹងហើយ ខឹងនឹងព្រះថេរៈថែមទៀតផង ។

សម័យថ្ងៃមួយ ព្រះមហាកស្សបត្ថេរ បាននិមន្តទៅ កាន់ទីដទៃ ។ សទ្ធិវិហារិកនោះ បានទៅវាយបំបែកនូវគ្រឿងសមណបរិក្ខារ របស់ព្រះថេរៈ បាក់បែក ខូចខាតទាំងឣស់ គ្មានសល់ឡើយ ហើយ បានយកភ្លើង មកដុតនូវបណ្ណសាលា ឲ្យឆេះខ្ទេចខ្ទីឣស់ទៀត ស្រេចហើយ ក៏រត់ចេញពីទីនោះ ទៅកាន់ទីដទៃទៀត ។ សទ្ធិវិហារិក ដែលជាឣ្នកប្រព្រឹត្តត្រឹមត្រូវមួយរូបទៀត ដឹងរឿងនោះហើយ ទើបទៅក្រាបទូល ដល់ព្រះមានព្រះភាគទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវឣតីតនិទាន ថា “កាលដែលសទ្ធិវិហារិករូបនេះកើតជាសត្វពានរ, ព្រះមហាកស្សបៈ កើតជាសត្វគ្រលេងគ្រលោង ពណ៌លឿងខ្ចី ។ នៅពេលដែលមានភ្លៀងធំ បង្អុរធ្លាក់ចុះមក, សត្វពានរនោះ មានរាងកាយរងាញ័រញាក់ យ៉ាងខ្លាំង រកទីកន្លែងជ្រកមិនបាន បោលទៅមក ស្រាប់តែឃើញសំបុកសត្វគ្រលេងគ្រលោងហើយ បានទៅជ្រកសម្រាក នៅក្រោមសំបុកនោះ ដើម្បីការពារខ្លួនកុំឲ្យរងា ។ សត្វគ្រលេងគ្រលោង បានឃើញសត្វពានរ មកជ្រក នៅក្រោមសំបុក របស់ខ្លួនដូច្នោះហើយ ក៏និយាយ ថា “បងពានរឯង មានដៃ ជើង ក្បាល មុខ និង មាត់ ដូចជាមនុស្សដែរ ចុះហេតុដូចម្តេច បានជាបងពានរឯង មិនព្រមធ្វើសំបុកសម្រាប់ជ្រកទឹកភ្លៀងនឹងគេ?” ។

សត្វពានរ បានឮពាក្យតិះដៀល យ៉ាងដូច្នេះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង នឹងសត្វគ្រលេងគ្រលោងហើយ ក៏ស្ទុះទៅទាញ បោចកន្ត្រាក់ ទំលាយសំបុកគ្រលេងគ្រលោង ចោលខ្ទេចខ្ទីទាំងឣស់” នៅក្នុងទីបញ្ចប់ នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

២.ចរញ្ចេ  នាធិគច្ឆេយ្យសេយ្យំ  សទិសមត្តនោ
ឯកចរិយំ  ទឡ្ហំ  កយិរាកុនត្ថិ  ពាលេ  សហាយតោ  ។

👉បុគ្គល កាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្ត​នៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ] មិនមានក្នុងបុគ្គល​ពាលឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ