ចិត្តវគ្គ
☸️៣. ចិត្តវគ្គ មាន ១១ គាថា
| ១. | ផន្ទនំ ចបលំ ចិត្តំ | ទុរក្ខំ ទុន្និវារយំ |
| ឧជុំ ករោតិ មេធាវី | ឧសុការោវ តេជនំ ។ |
👉អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។
| ២. | វារិជោវ ថលេ ខិត្តោ | ឱកមោកតឧព្ភតោ |
| បរិផន្ទតិទំ ចិត្តំ | មារធេយ្យំ បហាតវេ ។ |
👉ចិត្តនេះដែលបុគ្គលលើកឡើង ចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹក បោះទៅលើគោក ដូច្នោះឯង ។
| ៣. | ទុន្និគ្គហស្ស លហុនោ | យត្ថ កាមនិបាតិនោ |
| ចិត្តស្ស ទមថោ សាធុ | ចិត្តំ ទន្តំ សុខាវហំ ។ |
👉ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ការទូន្មានចិត្តដូច្នេះ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
| ៤. | សុទុទ្ទសំ សុនិបុណំ | យត្ថ កាមនិបាតិនំ |
| ចិត្តំ រក្ខេថ មេធាវី | អ ចិត្តំ គុត្តំ សុខាវហំ ។ |
👉អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
| ៥. | ទូរង្គមំ ឯកចរំ | អសរីរំ គុហាសយំ |
| យេ ចិត្តំ សញ្ញមេស្សន្តិ | មោក្ខន្តិ មារពន្ធនា ។ |
👉អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគុហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។
| ៦. | អនវដ្ឋិតចិត្តស្ស | សទ្ធម្មំ អវិជានតោ |
| បរិប្លវប្បសាទស្ស | បញ្ញា ន បរិបូរតិ ។ |
👉ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ ។
| ៧. | អនវស្សុតចិត្តស្ស | អនន្វាហតចេតសោ |
| បុញ្ញបាបប្បហីនស្ស | នត្ថិ ជាគរតោ ភយំ ។ |
👉ភ័យរមែងមិនមានដល់បុគ្គល អ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបបានលះចោលហើយ ភ្ញាក់រឭកជានិច្ច ។
| ៨. | កុម្ភូបមំ កាយមិមំ វិទិត្វា | នគរូបមំ ចិត្តមិទំ ថកេត្វា |
| យោធេថ មារំ បញ្ញាវុធេន | ជិតញ្ច រក្ខេ អនិវេសនោ សិយា ។ |
👉បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ ។
| ៩. | អចិរំ វតយំ កាយោ | បឋវឹ អធិសេស្សតិ |
| ឆុទ្ធោ អបេតវិញ្ញាណោ | និរត្ថំវ កលិង្គរំ ។ |
👉ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានតែវិញ្ញាណទៅប្រាសហើយ គេនឹងយកទៅបោះបង់ចោល មុខជានឹងដេកស្តូកស្តឹងនៅលើផែនដី ដូចជាអង្កត់អុស រកប្រយោជន៍គ្មានឡើយ ។
| ១០. | ទិសោ ទិសំ យន្តំ កយិរា | វេរី វា បន វេរិនំ |
| មិច្ឆាបណិហិតំ ចិត្តំ | បាបិយោ នំ តតោ ករេ ។ |
👉ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។
| ១១. | ន តំ មាតា បិតា កយិរា | អញ្ញេ វាបិ ច ញាតកា |
| សម្មាបណិហិតំ ចិត្តំ | សេយ្យសោ នំ តតោ ករេ ។ |
👉មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃ ជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។
ចប់ចិត្តវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ