កោធវគ្គ
មាន៨រឿង – ១៤គាថា
☸️៣. រឿង នាងឧត្តរាឧបាសិកា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល, ឯស្វាមី របស់នាង ជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះ ត្រកូលស្វាមីនាង ជាឣ្នកមិច្ឆាទិដ្ឋិ ។
នាងឧត្តរា មិនបានទៅធ្វើបុណ្យ តាមចិត្តនាងប្រាថ្នាទេ នាងបានជួលនាងសិរិមា ដែលជាស្រីផ្កាមាស ឲ្យមកនៅរួមជាមួយស្វាមីរបស់ខ្លួន ហើយបានលបលាក់ទៅធ្វើបុណ្យទាន មិនឲ្យស្វាមីដឹង នៅឯខាងក្រៅ ។
ចំណែកឯ នាងសិរិមានោះ មានគំនិត គិតនឹងដណ្តើមស្វាមី របស់នាងឧត្តរា ចង់ត្រួតត្រាមកលើនាង ហើយបានទៅប្រទូសរ៉ាយ ចំពោះនាងឧត្តរា ដោយប្រការផ្សេងៗ តែនាងឧត្តរាឧបាសិកា មិនបានក្រោធខឹងនឹងនាងសិរិមាវិញឡើយ ។ ក្រោយមក នាងសិរិមា បានដឹងទោសកំហុស របស់ខ្លួនហើយ ទើបបានទៅសុំខមាទោសនឹងនាងឧត្តរា ។ នាងឧត្តរា ក៏បាននាំនាងសិរិមា ទៅគាល់ព្រះសាស្តា ។
ព្រះសាស្តាសម្តែងធម្មីកថា ហើយត្រាស់នូវព្រះគាថានេះថា ៖
| ៣. | អក្កោធេន ជិនេ កោធំ | អសាធុំ សាធុនា ជិនេ |
| ជិនេ កទរិយំ ទានេន | សច្ចេនាលិកវាទិនំ ។ |
👉បុគ្គលគប្បីឈ្នះមនុស្សក្រោធបាន ដោយការមិនក្រោធ គប្បីឈ្នះមនុស្សអសប្បុរសដោយអំពើជាសប្បុរស គប្បីឈ្នះមនុស្សកំណាញ់ដោយការឲ្យ គប្បីឈ្នះមនុស្សនិយាយមិនពិត ដោយពាក្យពិត ។
