មលវគ្គ
មាន១២រឿង – ២១គាថា
☸️៣. រឿង ព្រះតិស្សត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ។ ព្រះតិស្សៈ មានចីវរសាច់ល្អម៉ដ្តខៃមួយ ដែលជាទីពេញចិត្តណាស់ លោកបានទុកដាក់ មិនទាន់បានប្រើប្រាស់ទេ តែឣនិច្ចា! ព្រះតិស្សៈ ក៏បានធ្វើមរណកាលទៅ ហើយបានទៅកើតជាចៃ ក្នុងចីវរនោះឯង ។
ភិក្ខុសង្ឃ ចាប់ផ្តើមប្រារឰនឹងចែកចីវរនោះ តែសត្វចៃ បានវារទៅមក ព្រោះមិនចង់ឲ្យភិក្ខុសង្ឃ យកចីវរខ្លួនទៅចែកគ្នា ។ ព្រះសាស្តា ទ្រង់ជ្រាបដោយទិព្វសោតហើយ ទើបទ្រង់បានត្រាស់ហាមឃាត់ឲ្យភិក្ខុសង្ឃ ឈប់បង្អង់ចាំសិន រហូតកន្លងទៅបាន ៧ ថ្ងៃ ហើយ ទើបត្រាស់ឲ្យភិក្ខុសង្ឃ យកចីវរនោះមកចែកគ្នា ។
ក្នុងថ្ងៃទី ៧ សត្វចៃនោះ ក៏បានស្លាប់ទៅហើយ បានទៅកើត នៅឯឋានតុសិតវិមាន ។ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ ក៏នាំគ្នាចូលទៅ ក្រាបទូលសួរ ចំពោះព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | អយសាវ មលំ សមុដ្ឋិតំ | តទុដ្ឋាយ តមេវ ខាទតិ |
| ឯវំ អតិធោនចារិនំ | សានិ កម្មានិ នយន្តិ ទុគ្គតឹ ។ |
👉ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។
