៣. ព្រះបធានិកតិស្សត្ថេរ

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️៣. រឿង ព្រះបធានិកតិស្សត្ថេរ

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះបធានិកតិស្សត្ថេរ ជាប្រធាននៃភិក្ខុ ៥០០ រូប បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ហើយ នាំគ្នាទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។ ព្រះថេរៈ បានឲ្យឱវាទ ដល់ភិក្ខុទាំងនោះ ថា “ឣ្នកទាំងឡាយ ចូរកុំប្រមាទ ធ្វើសមណធម៌ចុះ” ។ នៅក្នុងពេលរាត្រី ពួកភិក្ខុទាំងឡាយ បាននាំគ្នាបំពេញសមណធម៌ ។ តែព្រះថេរៈ មិនបានធ្វើសមាធិកម្មដ្ឋានទេ បែរជាលបចូលទៅសិង, ពេលដែលភិក្ខុទាំងឡាយសិង, លោកបានក្រោក ទៅដាស់ឲ្យភិក្ខុទាំងនោះ ឲ្យក្រោកឡើង ធ្វើសមាធិកម្មដ្ឋាន ។ ព្រះថេរៈ បានធ្វើយ៉ាងនេះជារៀងរាល់ថ្ងៃ ។ ភិក្ខុទាំងឡាយ ឣត់ទ្រាំពុំបាន សូម្បីតែមួយរូប ក៏មិនបានសម្រេចធម៌អ្វីដែរ ទើបបានប្រឹក្សាគ្នា ថា “ឣាចារ្យ របស់ពួកយើង ចំជាមានព្យាយាមដល់ហើយ មិនចេះសិងបន្តិចសោះ តើធ្វើយ៉ាងណាទៅហ្ន៎ ពួកយើងនឹងជួយណែនាំ ឲ្យលោកធ្វើសមាធិកម្មដ្ឋាន បានដោយស្រួល” ស្រេចហើយ ទើបនាំគ្នាទៅលបមើល លុះឃើញជាក់ច្បាស់ថា ព្រះថេរៈ បានតែពីរឿងសិង ប៉ុណ្ណាះ ហើយបាននិយាយទៅកាន់ព្រះថេរៈ ថា “ស្លាប់ហើយ មើលចុះ! ឣាចារ្យ របស់ពួកយើង បានតែប្រដៅឣ្នកដទៃសោះ ខ្លួនឯងគិតតែពីសិង” លុះចេញវស្សាហើយ ក៏បាននាំគ្នាទៅ ក្រាបទូលរឿងនេះដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់សម្តែងនូវឣតីតនិទានថា “ក្នុងជាតិដែលព្រះ បធានិកតិស្សត្ថេរនេះ កើតជាមាន់ រងាវមិនដឹងពេលវេលាសោះ ធ្វើឲ្យភិក្ខុទាំងឡាយ បានយល់ខុស ដូចជាពេលឥឡូវនេះដែរ ក្នុងជាតិដែលភិក្ខុទាំងឡាយ កើតជាមាណព” យ៉ាងដូច្នេះ ក្នុងទីបញ្ចប់ នៃ ឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៣.អត្តានំ ចេ តថា កយិរាយថញ្ញមនុសាសតិ
សុទន្តោ វត ទមេថអត្តា ហិ កិរ ទុទ្ទមោ ។

👉បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មាន​ខ្លួន​ល្អ​ហើយ​ ទើប​គួរ​ទូន្មាន​អ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ