បិយវគ្គ
មាន៩រឿង – ១២គាថា
☸️៤. រឿង ក្សត្រលិច្ឆវី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកក្សត្រលិច្ឆវី ដែលទ្រង់ ប្រដាប់ប្រដាគ្រឿងឣលង្ការគ្រប់បែបយ៉ាង ដូចជាពួកទេវតា នាឋានត្រៃត្រិង្សទេវលោក ស្តេចយាងទៅកំសាន្តព្រះឧទ្យានហើយ បាន ដណ្តើមយកស្រីសោភិនីម្នាក់ រហូតដល់កាប់សម្លាប់គ្នា ឈាមដាបពោះដំរី បីដូចជាទឹកសមុទ្រ ។
ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ជាមួយភិក្ខុសង្ឃ ក្នុង ក្រុងវេសាលី ទ្រង់ទតព្រះនេត្រឃើញនូវហេតុនេះហើយ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីសោកក្តី ភ័យក្តី កាលកើតឡើង រមែងឣាស្រ័យនូវសេចក្តីត្រេកត្រឣាល ទើបកើតឡើងបាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | រតិយា ជាយតេ សោកោ | រតិយា ជាយតេ ភយំ |
| រតិយា វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
