បុប្ផវគ្គ
☸️៤. បុប្ផវគ្គ មាន ១៦ គាថា
| ១. | កោ ឥមំ បឋវឹ វិជេស្សតិ | យមលោកញ្ច ឥមំ សទេវកំ |
| កោ ធម្មបទំ សុទេសិតំ | កុសលោ បុប្ផមិវ បចេស្សតិ ។ |
👉អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។
| ២. | សេក្ខោ បឋវឹ វិជេស្សតិ | យមលោកញ្ច ឥមំ សទេវកំ |
| សេក្ខោ ធម្មបទំ សុទេសិតំ | កុសលោ បុប្ផមិវ បចេស្សតិ ។ |
👉ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ចបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង ។
| ៣. | ផេណូបមំ កាយមិមំ វិទិត្វា | មរីចិធម្មំ អភិសម្ពុធានោ |
| ឆេត្វាន មារស្ស បបុប្ផកានិ | អទស្សនំ មច្ចុរាជស្ស គច្ឆេ ។ |
👉ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។
| ៤. | បុប្ផានិ ហេវ បចិនន្តំ | ព្យាសត្តមនសំ នរំ |
| សុត្តំ គាមំ មហោឃោវ | មច្ចុ អាទាយ គច្ឆតិ ។ |
👉មច្ចុគឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ នោះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។
| ៥. | បុប្ផានិ ហេវ បចិនន្តំ | ព្យាសត្តមនសំ នរំ |
| អតិត្តំយេវ កាមេសុ | អន្តកោ កុរុតេ វសំ ។ |
👉អ្នកធ្វើនូវទីបំផុត (នៃជីវិត) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។
| ៦. | យថាបិ ភមរោ បុប្ផំ | វណ្ណគន្ធំ អហេឋយំ |
| បលេតិ រសមាទាយ | ឯវំ គាមេ មុនី ចរេ ។ |
👉ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។
| ៧. | ន បរេសំ វិលោមានិ | ន បរេសំ កតាកតំ |
| អត្តនោ វ អវេក្ខេយ្យ | កតានិ អកតានិ ច ។ |
👉ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។
| ៨. | យថាបិ រុចិរំ បុប្ផំ | វណ្ណវន្តំ អគន្ធកំ |
| ឯវំ សុភាសិតា វាចា | អផលា ហោតិ អកុព្វតោ ។ |
👉ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្លិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។
| ៩. | យថាបិ រុចិរំ បុប្ផំ | វណ្ណវន្តំ សគន្ធកំ |
| ឯវំ សុភាសិតា វាចា | សផលា ហោតិ សុកុព្វតោ ។ |
👉ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។
| ១០. | យថាបិ បុប្ផរាសិម្ហា | កយិរា មាលាគុឡេ ពហូ |
| ឯវំ ជាតេន មច្ចេន | កត្តព្វំ កុសលំ ពហុំ ។ |
👉មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា (ផ្សេងៗ គ្នា) ឲ្យបានច្រើន យ៉ាងណាមិញ សត្វដែលកើតមកហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនោះឯង ។
| ១១. | ន បុប្ផគន្ធោ បដិវាតមេតិ | ន ចន្ទនំ តគរមល្លិកា វា |
| សតញ្ច គន្ធោ បដិវាតមេតិ | សព្វា ទិសា សប្បុរិសោ បវាយតិ ។ |
👉ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់ មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។
| ១២. | ចន្ទនំ តគរំ វាបិ | ឧប្បលំ អថ វស្សិកី |
| ឯតេសំ គន្ធជាតានំ | សីលគន្ធោ អនុត្តរោ ។ |
👉ក្លិននៃសីល ជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
| ១៣. | អប្បមត្តោ អយំ គន្ធោ | យ្វាយំ តគរចន្ទនី |
| យោ ច សីលវតំ គន្ធោ | វាតិ ទេវេសុ ឧត្តមោ ។ |
👉ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។
| ១៤. | តេសំ សម្បន្នសីលានំ | អប្បមាទវិហារិនំ |
| សម្មទញ្ញា វិមុត្តានំ | មារោ មគ្គំ ន វិន្ទតិ ។ |
👉មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តីមិនប្រមាទ បានរួចផុតស្រឡះហើយ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។
| ១៥. | យថា សង្ការធានស្មឹ | ឧជ្ឈិតស្មឹ មហាបថេ |
| បទុមំ តត្ថ ជាយេថ | សុចិគន្ធំ មនោរមំ ។ |
👉ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ។
| ១៦. | ឯវំ សង្ការភូតេសុ | អន្ធភូតេ បុថុជ្ជនេ |
| អតិរោចតិ បញ្ញាយ | សម្មាសម្ពុទ្ធសាវកោ ។ |
👉ដូចម្តេចមិញសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា (របស់ខ្លួន) ដូច្នោះឯង ។
ចប់បុប្ផវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ