កោធវគ្គ
មាន៨រឿង – ១៤គាថា
☸️៤. រឿង មោគ្គល្លានត្ថេរប្បញ្ហា
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវបញ្ហា របស់ព្រះមហាមោគ្គល្លាន ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅកាន់ឋានទេវលោក បានសួរពួកនាងទេវធីតា ដែលនាំគ្នាមកថ្វាយបង្គំថា “តើនាងទាំងឣស់គ្នា បានធ្វើបុណ្យអ្វីដែរ បានជាមកកើត ក្នុងទីនេះ ហើយបានសម្បត្តិ យ៉ាងនេះ?” ។
នាងទេវធីតាទាំងនោះ មានការខ្មាសឣៀន មិនចង់ពិតទូល ព្រះថេរៈ តែត្រូវព្រះថេរៈ ដេញដោលសួរខ្លាំងពេក នាងទេវធីតាខ្លះ បានទូលព្រះថេរៈថា “នាងខ្ញុំមិនបានធ្វើបុណ្យអ្វីទេ គ្រាន់តែបានរក្សា នូវពាក្យសច្ចៈប៉ុណ្ណោះ” ។ នាងទេវធីតាខ្លះ បានពិតទូល ថា “នាងខ្ញុំ មិនបានក្រោធខឹងជាមួយនឹងឣ្នកដទៃ” ។ នាងខ្លះ ក៏បានពិតទូល ថា “នាងខ្ញុំបានបរិច្ចាគសម្បត្តិនេះមួយ នោះមួយ ទើបបានសម្បត្តិយ៉ាងដូច្នេះ” ។
ព្រះមហាមោគ្គល្លាន លុះត្រឡប់មកពីទេវលោកវិញ បានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | សច្ចំ ភណេ ន កុជ្ឈេយ្យ | ទជ្ជា អប្បំបិ យាចិតោ |
| ឯតេហិ តីហិ ឋានេហិ | គច្ឆេ ទេវាន សន្តិកេ ។ |
👉បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យតាមតិច ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។
