មលវគ្គ
មាន១២រឿង – ២១គាថា
☸️៦. រឿង ចូឡសារីភិក្ខុ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវភិក្ខុ ឈ្មោះចូឡសារី ជាសទ្ធិវិហារិក របស់ព្រះសារីបុត្រ ប្រព្រឹត្តវេជ្ជកម្ម ចិញ្ចឹមជីវិត ដោយការធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺ ។ សម័យថ្ងៃមួយ ភិក្ខុចូឡសារី បាននូវភោជនាហារ ដ៏ប្រណិត ដោយវេជ្ជកម្មនោះហើយ ក៏បានយកទៅប្រគេនព្រះសារីបុត្រ ដែលជាព្រះឧបជ្ឈាយ៍ របស់ខ្លួន ។ ប៉ុន្តែព្រះសារីបុត្រ មិនព្រមទទួលយកមកឆាន់ឡើយ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបយករឿងនោះ ទៅក្រាបទូលព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៩. | តតោ មលា មលតរំ | អវិជ្ជា បរមំ មលំ |
| ឯតំ មលំ បហន្ត្វាន | និម្មលា ហោថ ភិក្ខវោ ។ |
👉មន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់មន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ ។
| ១០. | សុជីវំ អហិរិកេន | កាកសូរេន ធំសិនា |
| បក្ខន្ទិនា បគព្ភេន | សំកិលិដ្ឋេន ជីវិតំ ។ |
👉បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ស្ទុះស្ទារដូចសត្វក្អែក កម្ចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។
