យមកវគ្គ
មាន១៤រឿង – ២០គាថា
☸️៦. រឿង ព្រះចុល្លកាល មហាកាល
👉ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចុល្លកាល និង ព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនរបស់ព្រះមហាកាល លោកបួសមិនទាន់បានមួយវស្សាផង ក៏លាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោក ចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។ ចំណែកព្រះមហាកាលដែលជាបង លោកបានមកបួស ក្នុងព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា ខិតខំចម្រើនឣសុភកម្មដ្ឋាន រហូតដល់បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។
ឯភរិយា របស់ព្រះមហាកាល បានឃើញកិរិយាលួងលោម របស់ភរិយាព្រះចុល្លកាល ដែលបានធ្វើឲ្យលោកសឹកហើយ ទើបគិតនឹងធ្វើ ជាតម្រាប់តាម ហើយបានទៅឣារាធនាភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ។
ព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ បានទទួលភត្តាហារហើយ ទើបទ្រង់ស្តេចយាងត្រឡប់ទៅវត្តវិញ ទុកតែព្រះមហាកាល មួយ ឣង្គប៉ុណ្ណោះ ឲ្យនៅចាំធ្វើភត្តានុមោទនា តាមពាក្យទូលសុំ នៃពួកភរិយា របស់ព្រះមហាកាល ។
គ្រានោះ ពួកភរិយា របស់ព្រះមហាកាល បាននាំគ្នាបង្ខំឲ្យលោក លាចាកសិក្ខាបទ, ក៏ប៉ុន្តែ ព្រះមហាកាល មិនព្រមលាចាកសិក្ខាបទទេ ព្រោះលោកជាព្រះឣរហន្ត ហើយក៏បានហោះទៅ លើ ឣាកាស ត្រឡប់ទៅវត្តវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងរ៉ាវព្រះមហាកាល និង ព្រះចុល្លកាល ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
| ៧. | សុភានុបស្សិំ វិហរន្តំ | ឥន្ទ្រិយេសុ អសំវុតំ |
| ភោជនម្ហិ អមត្តញ្ញុំ | កុសីតំ ហីនវីរិយំ | |
| តំ វេ បសហតី មារោ | វាតោ រុក្ខំវ ទុព្វលំ ។ |
👉មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល) ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (មានប្ញស) មិនល្អ យ៉ាងនោះឯង ។
| ៨. | អសុភានុបស្សិំ វិហរន្តំ | ឥន្ទ្រិយេសុ សុសំវុតំ |
| ភោជនម្ហិ ច មត្តញ្ញុំ | សទ្ធំ អារទ្ធវីរិយំ | |
| តំ វេ នប្បសហតី មារោ | វាតោ សេលំវ បព្វតំ ។ |
👉តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (ឲ្យបែក) មិនបាន យ៉ាងនោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៤