៦. ឣជគរប្រេត

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️៦. រឿង ឣជគរប្រេត

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣជគរប្រេត ដែលមាន ឣត្តភាព ដូចជាពស់ថ្លាន់ វែងប្រវែង ២៥ យោជន៍ ។ ព្រះមហាមោគ្គល្លានត្ថេរ និមន្តចុះឣំពីកំពូលភ្នំគិជ្ឈកូដ បានឃើញនូវប្រេតនោះ ដោយទិព្វចក្ខុហើយ និយាយជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រនៃព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងធម្មីកថា ថា “តថាគត ក៏បានឃើញប្រេតនោះដែរ” ។ ភិក្ខុទាំងឡាយ បានក្រាបទូលសួរ នូវបុព្វកម្ម របស់ប្រេតនោះ ចំពោះព្រះសាស្តា ។

ព្រះឣង្គ ទ្រង់ត្រាស់ឣតីតនិទានថាៈ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបទសពល ប្រេតនេះ ជាចោរ បានប្រទូស្តរ៉ាយ ដល់ សុមង្គលសេដ្ឋី គឺបានដុតស្រែ កាត់ជើងគោ ដុតផ្ទះរបស់លោកសេដ្ឋី ដល់ទៅ ៧ ដង ប៉ុណ្ណេះហើយ ក៏នៅតែមិនឆ្អែតចិត្តទៀត បានទាំងទៅដុតនូវព្រះគន្ធកុដី ដែលលោកសេដ្ឋី សាងថ្វាយព្រះកស្សបទសពលថែមទៀត, លុះដល់ទំលាយរាងកាយស្លាប់ទៅ ក៏បានទៅកើត ក្នុង ឣវិចីនរក ឣស់កម្មឣំពីឋាននរកនោះមក ក្នុងពុទ្ធកាលនេះ ក៏បានកើតជាឣជគរប្រេត មានភ្លើងឆេះ នៅលើភ្នំគិជ្ឈកូដនេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.អថ  បាបានិ  កម្មានិករំ  ពាលោ  ន  ពុជ្ឈតិ
សេហិ  កម្មេហិ  ទុម្មេធោអគ្គិទឌ្ឍោវ  តប្បតិ  ។

👉បុគ្គល​រពាល​ កាល​ធ្វើ​អំពើ​អាក្រក់​ទាំង​ឡាយ​ រមែង​មិន​ភ្ញាក់​ខ្លួន​ឡើយ​ ( លុះ​កាល​ជា​ខាង​ក្រោយ )​ បុគ្គល​អប្ប​ប្រាជ្ញា​នោះ​ ទើប​ក្តៅ​ក្រហាយ​ ដោយ​សារ​កម្ម​របស់​ខ្លួន​ឯង​ ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ