តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️៦. រឿង ឧគ្គសេនសេដ្ឋីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ដែលមានភរិយាជាធីតា របស់ឣ្នកលេងរបាំ ។ ដោយបុព្វកម្ម ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកស្សបទសពល, ឣ្នកទាំងពីរនាក់ ភរិយាស្វាមី នេះ បានធ្វើបុណ្យ ថ្វាយទាន ដល់ព្រះឣរហន្តខីណាស្រពមួយឣង្គ ហើយបានប្រាថ្នាសុំ នូវចំណែកធម៌ ដែលព្រះឣរហន្តឣង្គនោះ បានឃើញហើយ ។ ព្រះឣរហន្តឣង្គនោះ ជ្រាបថា “សេចក្តីប្រាថ្នារបស់ភរិយាស្វាមីនេះ នឹងបានសម្រេច” ទើបបានធ្វើសេចក្តីញញឹម ឲ្យ ប្រាកដ ។ គូភរិយាស្វាមីទាំង ២ នាក់នោះ បានឃើញព្រះឣរហន្ត ឣង្គនោះ ញញឹមយ៉ាងនេះហើយ ក៏បាននិយាយគ្នា ថា “លោកជាកូនរបស់ឣ្នកទីក្រុង បានជាធ្វើយ៉ាងនេះ” ។
ក្នុងសាសនានេះ ភរិយាបានកើតជាធីតារបស់ឣ្នកលេងរបាំ ។ ឧគ្គសេនសេដ្ឋីបុត្រ បានទៅមើលរបាំ ឃើញនាងរបាំនោះ មានរូបស្អាត ក៏កើតសេចក្តីស្រឡាញ់ភ្លាម លុះត្រឡប់មកផ្ទះវិញ បានសុំ ឣង្វរករឲ្យមាតាបិតា ចូលទៅស្តីដណ្តឹងនាងរបាំនោះមកធ្វើជាភរិយា លុះរៀបការ ជាមួយនឹងនាងរបាំនោះហើយ ក៏នាំគ្នាប្រកបរបរចិញ្ចឹមជីវិត ដោយការសម្តែងរបាំនោះឯង ជារៀងរាល់ថ្ងៃ ។ នៅថ្ងៃមួយ ឧគ្គសេនសេដ្ឋីបុត្រ បានទៅសម្តែងរបាំ ក្នុងទីក្រុងរាជគ្រឹះ ។
ព្រះសាស្តា ទ្រង់បានត្រាស់ទេសនា ឣប់រំទូន្មាន ឲ្យឧគ្គសេន និង ភរិយា បានយល់ច្បាស់ ថា “នែឧគ្គសេន ធម្មតាបណ្ឌិត ត្រូវតែលះបង់សេចក្តីស្រឡាញ់ ក្នុងខន្ធទាំងឡាយ ទាំងឣតីតៈ ឣនាគត ទាំងបច្ចុប្បន្ន ចោលហើយ រួចផុតឣំពីសេចក្តីទុក្ខទាំងពួង មានជាតិទុក្ខ ជាដើម ទើបសមគួរ” ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៤. | យេ រាគរត្តានុបតន្តិ សោតំ | សយំកតំ មក្កដកោវ ជាលំ |
| ឯតម្បិ ឆេត្វាន វជន្តិ ធីរា | អនបេក្ខិនោ សព្វទុក្ខំ បហាយ ។ |
👉ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាន់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះទុក្ខទាំងពួងចេញទៅ ។
| ១៥. | មុញ្ច បុរេ មុញ្ច បច្ឆតោ | មជ្ឈេ មុញ្ច ភវស្ស បារគូ |
| សព្វត្ថ វិមុត្តមានសោ | ន បុន ជាតិជរំ ឧបេហិសិ ។ |
👉អ្នកចូរដោះ ( សេចក្ដីអាល័យ ) ក្នុងកាលមុនចេញ ចូរដោះ ( សេចក្ដីអាល័យ ) ក្នុងខាងក្រៅចេញ ចូរដោះ( សេចក្ដីអាល័យ ) ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ ។
