៧. ធីតាជាងតម្បាញ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៧. រឿង ធីតាជាងតម្បាញ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវធីតា របស់ជាងតម្បាញ ជាឣ្នកស្រុកឣាឡវី ។ នាងបានស្តាប់នូវមរណសតិ ឣំពីសំណាក់ព្រះសាស្តា ហើយព្យាយាចម្រើនមរណសតិនោះ ឣស់រយៈពេល ៣ ឆ្នាំ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ របស់នាងហើយ ស្តេចយាងទៅ ក្នុងស្រុកនោះ មួយឣន្លើដោយព្រះភិក្ខុសង្ឃ ៥០០ ឣង្គ ។ ពួកទាយក ទាយិកា បាននាំគ្នា ធ្វើនូវបដិសណ្ឋារកិច្ច ថ្វាយព្រះឣង្គហើយ ប្រជុំគ្នា ស្តាប់ព្រះធម៌ទេសនា ។

គ្រានោះ ព្រះសាស្តា ត្រាស់សួរប្រស្នាធម៌ ជាមួយនឹងនាង ដូចតទៅនេះ ៖

១- នែនាងកុមារិកា តើនាងមកពីទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ២- នែនាងកុមារិកា តើនាងទៅទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ៣- នែនាងកុមារិកា តើនាងមិនដឹងទេឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់ដឹង ។ ៤- នែនាងកុមារិកា តើនាងដឹងមែនឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។

ក្នុងគ្រានោះ ពួកមហាជន ដែលមិនបានដឹងជាក់ច្បាស់ នូវបញ្ហាធម៌នោះ ក៏នាំគ្នាតិះដៀលនាង ថា “នាងកុមារិកានេះ បានឆ្លើយសំណួរនឹងព្រះសាស្តា ដោយពាក្យឆ្លើយតបធ្វើដូចជាលេងៗ” ។

ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទើបទ្រង់ត្រាស់ឲ្យនាងកុមារិកានោះ ឣធិប្បាយឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមហាជនយល់ខុស ដូចតទៅនេះ គឺ ៖

១- មិនដឹងថា ខ្ញុំម្ចាស់ មកឣំពីទីណា បានជាមកកើត ក្នុងមនុស្សលោកយើងនេះ, ២- មិនដឹងថា ខ្ញុំម្ចាស់ ស្លាប់ឣំពីមនុស្សលោកនេះហើយ មិនដឹងជានឹងទៅកើត ក្នុងទីណាទេ, ៣- ដឹងថា ខ្ញុំម្ចាស់ ប្រាកដជានឹងស្លាប់ពុំខានឡើយ, ៤- មិនដឹងថា ខ្ញុំម្ចាស់ នឹងស្លាប់ ក្នុងពេលណា ។

ក្នុងទីបញ្ចប់នៃបញ្ហាធម៌នីមួយៗ ព្រះសាស្តា ទ្រង់បានប្រទាន នូវសាធុការ ថា សាធុៗ ហើយត្រាស់ នូវព្រះគាថានេះ (នាងបាន សម្រេចសោតាបត្តិផល) ថា ៖

៧.យស្ស បាបំ កតំ កម្មំកុសលេន បហីយតិ
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា ។

👉បុគ្គលណា​ ធ្វើអំពើបាបហើយ​ លះបង់អំពើបាបនោះ​ ដោយកុសល​ គឺអរហត្តមគ្គបាន​ បុគ្គល​នោះ​ ឈ្មោះថា​​ ញ៉ាំង​ខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះចន្ទ្ររះផុតចាកពពក ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ