ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៧. រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រាហ្មណ៍ម្នាក់ ជាឣ្នកបួសក្រៅសាសនា ដើរបិណ្ឌបាតចិញ្ចឹមជីវិត ដោយគិតថា “ព្រះសមណគោតម ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គថា ភិក្ខុ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញថា ភិក្ខុ ជាការប្រពៃ” ហើយចូលទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ដល់ព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ១១. | ន តេន ភិក្ខុ សោ ហោតិ | យាវតា ភិក្ខតេ បរេ |
| វិស្សំ ធម្មំ សមាទាយ | ភិក្ខុ ហោតិ ន តាវតា ។ |
👉បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះមិនទាន់បានទេ ។
| ១២. | យោធ បុញ្ញញ្ច បាបញ្ច | វាហេត្វា ព្រហ្មចរិយវា |
| សង្ខាយ លោកេ ចរតិ | ស វេ ភិក្ខូតិ វុច្ចតិ ។ |
👉លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យនិងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថា ជាភិក្ខុ ។
