សុខវគ្គ
មាន៨រឿង – ១២គាថា
☸️៨. រឿង សក្កទេវរាជ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសក្កទេវរាជ ក្នុងគ្រាដែល ព្រះឣង្គទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ ហើយទ្រង់ព្រះប្រឈួន យ៉ាងធ្ងន់ ។
ក្នុងពេលនោះ សក្កទេវរាជស្តេចយាងមកធ្វើជាគិលានុបដ្ឋាក បម្រើព្រះសាស្តា ពេលលើកយកនូវភាជនៈសម្រាប់ដាក់ឧច្ចារៈនៃព្រះសាស្តា ទ្រង់ទូលលើសិរសា យកទៅចោល ឥតមានការខ្ពើមរឣើមបន្តិចឡើយសូម្បីតែព្រះភក្ត្រ ក៏មិនស្រពោនក្រៀមក្រំដែរ, លុះព្រះសាស្តា ទ្រង់ជាសះស្បើយហើយ, សក្កទេវរាជ ក៏បានត្រឡប់ទៅកាន់ទេវលោកវិញ ។ ភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរនូវសក្កទេវរាជ ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ការដែលសក្កទេវរាជ បានធ្វើយ៉ាងនេះ មិនមែនជាការ ឣស្ចារ្យទេ ព្រោះតថាគត មិនបានធ្វើឲ្យសក្កទេវរាជ សម្រេចសោតាបត្តិផល ផ្លាស់ឣត្តភាពចាស់ កាន់យកឣត្តភាពកំលោះ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | សាហុ ទស្សនមរិយានំ | សន្និវាសោ សទា សុខោ |
| អទស្សនេន ពាលានំ | និច្ចមេវ សុខី សិយា ។ |
👉ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុនាំឲ្យកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនចួបប្រទះបុគ្គលពាលទាំងឡាយ ។
| ១១. | ពាលសង្គតចារី ហិ | ទីឃមទ្ធាន សោចតិ |
| ទុក្ខោ ពាលេហិ សំវាសោ | អមិត្តេនេវ សព្វទា | |
| ធីរោ ច សុខសំវាសោ | ញាតីនំវ សមាគមោ ។ |
👉បុគ្គលអ្នកប្រព្រឹត្តសេពគប់ ដោយជនពាល រមែងសោកស្ដាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខក្រៃលែង ដូចការនៅរួមជាមួយសត្រូវ ចំណែកការនៅរួមជាមួយនឹងធីរជន រមែងនាំមកនូវសុខ ដូចការជួបជុំនៃពួកញាតិ ។
| ១២. | តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច | ធោរយ្ហសីលំ វតវន្តមរិយំ |
| តំ តាទិសំ សប្បុរិសំ សុមេធំ | ភជេថ នក្ខត្តបថំវ ចន្ទិមា ។ |
👉ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះ ៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស ។
ចប់សុខវគ្គ ទី ១៥
