៨. ឣាយុវឌ្ឍនកុមារ

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️៨. រឿង ឣាយុវឌ្ឍនកុមារ

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣាយុវឌ្ឍនកុមារ ដែលព្រាហ្មណ៍ម្នាក់បានទាយ ថា “កុមារនេះ នឹងស្លាប់ ក្នុងរយៈពេល ៧ ថ្ងៃ” ។ មាតានិងបិតា របស់កុមារនោះ មានសេចក្តីតក់ស្លុតយ៉ាងខ្លាំង ហើយបានដើរសួររកគ្រឿងការពារ ដើម្បីឲ្យកូនបានរួចផុតពីសេចក្តីស្លាប់ ។ ព្រាហ្មណ៍នោះ ក៏មិនដឹងជាធ្វើយ៉ាងណាដែរ ទើបប្រាប់ឲ្យមាតាបិតា របស់កុមារនោះ ទៅក្រាបទូលសួរព្រះសាស្តា ។

មាតាបិតា ក៏បាននាំកូនទៅ ក្រាបបង្គំទូលសួរព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានជ្រាបដូចជាព្រាហ្មណ៍នោះដែរ ហើយទ្រង់ត្រាស់ នូវហេតុដែលជាគ្រឿងការពារ ចំពោះមរណភ័យនោះ ដោយទ្រង់ត្រាស់ ឲ្យមាតាបិតា របស់កុមារនោះ និមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត រហូត ៧ ថ្ងៃ កុំឲ្យឈប់ គឺ ៧ ថ្ងៃជាប់ៗ គ្នា ។ លុះដល់ថ្ងៃទី ៧ ទើបព្រះសាស្តា ស្តេចយាងទៅ ដោយព្រះឣង្គឯងផ្ទាល់ ។

យក្ស ដែលមានគោលបំណង ចង់ផ្តាច់យកជីវិតកុមារនោះ គ្រាន់តែបានឃើញព្រះសម្មាសម្ពុទ្ធភ្លាម ក៏ភ័យខ្លាចចំពោះពុទ្ធានុភាព ហើយ ក៏បានរត់បាត់ទៅ ក្នុងពេលនោះឯង ។ លុះថ្ងៃទី ៧ បានកន្លងផុតទៅហើយ, ថ្ងៃទី ៨ ក៏បានចូលមកដល់ ជាថ្ងៃដែលហួសកំណត់ នឹងផ្តាច់ នូវឣាយុជីវិត និង ជាថ្ងៃ ដែលកុមារនោះ បានរួចផុតឣំពី សេចក្តីស្លាប់ ហើយបានដល់នូវការចម្រើនដោយឣាយុ រហូតដល់មាន ឣាយុ ១២០ ឆ្នាំ ។

ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងឣាយុវឌ្ឍកុមារនេះដោយប្រការផ្សេងៗ ហើយបានចូលទៅ ក្រាបថ្វាយបង្គំទូលសួរនូវហេតុដែលឣាចធ្វើឲ្យឣាយុបានចម្រើនដទៃទៀតក្រៅពីនេះ ចំពោះព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

១០.អភិវាទនសីលិស្សនិច្ចំ  វុឌ្ឍាបចាយិនោ
ចត្តារោ  ធម្មា  វឌ្ឍន្តិអាយុ  វណ្ណោ  សុខំ  ពលំ  ។

👉ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជា​ប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី