៩. តិរ្ថិយសាវ័ក

និរយវគ្គ

មាន៩រឿង – ១៤គាថា

☸️៩. រឿង តិរ្ថិយសាវ័ក

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង ។

សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន ។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង ។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា ។

ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួក គេ ប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា ៖

១៣.អវជ្ជេ វជ្ជមតិនោវជ្ជេ អវជ្ជទស្សិនោ
មិច្ឆាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ ទុគ្គតឹ ។

👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលឥតទោសថា​ ជាហេតុ​មាន​ទោស​ផង​ យល់​ឃើញ​ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង​ សត្វទាំង​នោះ​ ​តែងទៅកាន់ទុគ្គតិ ។

១៤.វជ្ជញ្ច វជ្ជតោ ញត្វាអវជ្ជញ្ច អវជ្ជតោ
សម្មាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ សុគតឹ ។

👉សត្វទាំងឡាយ​ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោសថា​ ជារបស់មានទោសផង ដឹង​របស់​មិន​មាន​ទោស​ថា​ ជា​របស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។

ចប់និយវគ្គ ទី ២២

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២២-និរយវគ្គរឿង

📜១. នាងសុន្ទរី
📜២. សត្វត្រូវទុក្ខបៀតបៀន
📜៣. វគ្គុមុទាតីរិយភិក្ខុ
📜៤. ខេមកសេដ្ឋីបុត្រ
📜៥. ទុព្វចភិក្ខុ
📜៦. ស្រីឣ្នកច្រណែន
📜៧. ឣាគន្តុកភិក្ខុ
📜៨. ពួកនិគ្រន្ថ
📜៩. តិរ្ថិយសាវ័ក