៩. មហាធនសេដ្ឋីបុត្រ

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៩. រឿង មហាធនសេដ្ឋីបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវមហាធនសេដ្ឋីបុត្រ ជាឣ្នកមានទ្រព្យសម្បត្តិច្រើន ដល់ទៅ ៨០ កោដិ ។ ភរិយា ក៏ជាធីតា របស់សេដ្ឋី មានទ្រព្យ ៨០ កោដិ ដូចគ្នាដែរ ។ ទាំងពីរនាក់ ភរិយាស្វាមី បានសិក្សាតែសិល្បៈច្រៀងរាំប៉ុណ្ណោះ ព្រោះឃើញថា ទ្រព្យសម្បត្តិរបស់ខ្លួនមានច្រើនហើយ ទោះជាមិនធ្វើការងារ ដេកស៊ីតែទ្រព្យទាំងនោះ រហូតមួយជីវិត ក៏មិនចេះឣស់ដែរ ។ លុះមាតាបិតា ស្លាប់ចោលទៅ សេដ្ឋីបុត្រនេះ មិនចេះថែរក្សាទ្រព្យសម្បត្តិ ឲ្យបានគង់វង់ល្អ ជាឣ្នកលេងល្បែង ស៊ីផឹក មានពួកម៉ាក សុទ្ធតែជាឣ្នកប្រមឹកទាំងឣស់ បានចំណាយទ្រព្យជាច្រើន ក្នុងការស៊ីផឹក ជារៀងរាល់ថ្ងៃ រហូតឣស់ទ្រព្យសម្បត្តិរលីង គ្មាននៅសល់ ហើយបានលក់ផ្ទះ លក់ស្រែចំការច្បារដំណាំឣស់ថែមទៀត ជាឣ្នកគ្មានផ្ទះសម្បែង ធ្លាក់ខ្លួនក្រលំបាក នាំភរិយាទៅ នៅឣាស្រ័យនឹងសំយាបផ្ទះ របស់ឣ្នកដទៃ ហើយដើរសុំទានគេ មកចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ ។

សម័យថ្ងៃមួយ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញសេដ្ឋីបុត្រព្រមទាំងភរិយា កំពុងតែឈរចាំនៅ ក្បែរមាត់ទ្វារសាលាឆាន់ ដើម្បីទទួលនូវឣាហារ ដែលសេសសល់ឣំពីព្រះភិក្ខុសង្ឃ ទើបព្រះ ឣង្គ ត្រាស់ប្រាប់ដល់ព្រះឣានន្ទ ហើយទ្រង់សម្តែង ថា “ម្នាលឣានន្ទ បើសេដ្ឋីបុត្រ ព្រមទាំងភរិយា ទាំងពីរនាក់នេះ មិនបានចាយវាយទ្រព្យរបស់ខ្លួន ឲ្យឣស់ទៅ ក្នុងបឋមវ័យទេ មកនាំគ្នាប្រកបការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីមួយ ក្នុងនគរនេះ, បើនឹងចេញទៅបួសវិញ ស្វាមីនឹងបានសម្រេចឣរហត្តផល ចំណែកភរិយា នឹងបានសម្រេចឣនាគាមិផល, បើសេដ្ឋីបុត្រ ព្រមទាំងភរិយា មិនបានចាយទ្រព្យសម្បត្តិ ឲ្យឣស់ទៅ ក្នុងមជ្ឈិមវ័យទេ នាំគ្នាប្រកបនូវការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីពីរ ក្នុងនគរនេះ, បើបានចេញទៅ បួស ស្វាមីនឹងបានសម្រេចជាឣនាគាមី ឯភរិយា នឹងបានតាំងនៅ ក្នុងសកទាគាមិផល, បើមិនបានចាយវាយទ្រព្យសម្បត្តិ ឲ្យឣស់ទៅ ក្នុងបច្ឆិមវ័យទេ បានប្រកបការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីបី នៅក្នុងនគរនេះ, បើបានចេញទៅបួស ស្វាមី នឹងបានជាសកទាគាមី ភរិយា នឹងបានសម្រេចសោតាបត្តិផល, តែក្នុងពេលឥឡូវនេះ សេដ្ឋីបុត្រនេះ បានសាបសូន្យឣស់ហើយ ឣំពីទ្រព្យសម្បត្តិ ដែលជារបស់ឣ្នកគ្រប់គ្រងផ្ទះ នឹងបានវិនាសសាបសូន្យឣស់ហើយ ឣំពីសាមញ្ញផល, លុះវិនាសសាបសូន្យ យ៉ាងនេះហើយ ទើបក្រហល់ក្រហាយ ដូចជាសត្វក្រៀល ក្នុងភក់បែកក្រហែង យ៉ាងនោះឯង” ក្នុងទីបញ្ចប់ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.អចរិត្វា ព្រហ្មចរិយំអលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិខីណមច្ឆេវ បល្លលេ ។

👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែង​សញ្ជប់​សញ្ជឹង​ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។

១១.អចរិត្វា ព្រហ្មចរិយំអលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវបុរាណានិ អនុត្ថុនំ ។

👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំលោះក្រមុំ រមែង​ដេក​ថ្ងូរ​សោក​ស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ(1)ដូច្នោះ ។

  1. [ព្រួញដែល​ផុត​ហើយ​ពី​ខ្សែបន្លោះ ទៅ​តាមកម្លាំង រួច​ហើយ​ក៏​ធ្លាក់​ចុះ កាល​ដែល​មិន​មាន​អ្នក​ណា​ចាប់​វា​ លើក​ឡើងទេ វា​ក៏​ត្រូវ​ជា​ចំណី​នៃ​សត្វកណ្តៀរក្នុង​ទី​នោះឯង​ យ៉ាង​ណា បុគ្គល​ពាល​ល្ងង់​ខ្លៅ​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ​ កាល​ដែលវ័យ​ទាំង ៣ កន្លងទៅហើយ ក៏​ចូល​ដល់​មរណៈ ព្រោះ​ការ​ដែល​មិន​អាច​លើក​ខ្លួនឯង​ឡើងបាន ក្នុង​កាលឥឡូវ​នេះ ។ មុន​ពេល​ស្លាប់ បុគ្គល​ពាល​ មានតែការ​សោក​សៅ​ នឹក​ដល់​ការ​ដែល​ខ្លួន​ធ្លាប់​ស៊ី ធ្លាប់​ផឹក ធ្លាប់​រាំ​ ធ្លាប់​ច្រៀង ធ្លាប់​ប្រគំ​ជា​ដើម ក្នុង​កាល​មុន​ប៉ុណ្ណោះ ។] ↩︎

ចប់ជរាវគ្គ ទី ១១

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ