អប្បមាទវគ្គ
☸️២. អប្បមាទវគ្គ មាន ១២ គាថា
| ១. | អប្បមាទោ អមតំ បទំ | បមាទោ មច្ចុនោ បទំ |
| អប្បមត្តា ន មីយន្តិ | យេ បមត្តា យថា មតា ។ |
👉សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។
| ២. | ឯតំ វិសេសតោ ញត្វា | អប្បមាទម្ហិ បណ្ឌិតា |
| អប្បមាទេ បមោទន្តិ | អរិយានំ គោចរេ រតា ។ |
👉ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។
| ៣. | តេ ឈាយិនោ សាតតិកា | និច្ចំ ទឡ្ហបរក្កមា |
| ផុសន្តិ ធីរា និព្វានំ | យោគក្ខេមំ អនុត្តរំ ។ |
👉បណ្ឌិតអ្នកមិនប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តិប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។
| ៤. | ឧដ្ឋានវតោ សតីមតោ | សុចិកម្មស្ស និសម្មការិនោ |
| សញ្ញតស្ស ច ធម្មជីវិនោ | អប្បមត្តស្ស យសោភិវឌ្ឍតិ ។ |
👉យស តែងចម្រើនយ៉ាងក្រៃលែង ដល់បុគ្គលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណារួចហើយទើបធ្វើជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ ។
| ៥. | ឧដ្ឋានេនប្បមាទេន | សញ្ញមេន ទមេន ច |
| ទីបំ កយិរាថ មេធាវី | យំ ឱឃោ នាភិកីរតិ ។ |
👉អ្នកប្រាជ្ញ គប្បីសាងនូវកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តិប្រឹងប្រែងផង ដោយសេចក្តិមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយទមៈគឺការទូន្មាននូវ ឥន្ទ្រិយផង ។
| ៦. | បមាទមនុយុញ្ជន្តិ | ពាលា ទុម្មេធិនោ ជនា |
| អប្បមាទញ្ច មេធាវី | ធនំ សេដ្ឋំវ រក្ខតិ ។ |
👉ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិន ប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។
| ៧. | មា បមាទមនុយុញ្ជេថ | មា កាមរតិសន្ថវំ |
| អប្បមត្តោ ហិ ឈាយន្តោ | បប្បោតិ វិបុលំ សុខំ ។ |
👉អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន សេចក្តីសុខដ៏ទូលាយ ។
| ៨. | បមាទំ អប្បមាទេន | យទា នុទតិ បណ្ឌិតោ |
| បញ្ញាបាសាទមារុយ្ហ | អសោកោ សោកិនឹ បជំ | |
| បព្វតដ្ឋោវ ភុម្មដ្ឋេ | ធីរោ ពាលេ អវេក្ខតិ ។ |
👉កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណាឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។
| ៩. | អប្បមត្តា បមត្តេសុ | សុត្តេសុ ពហុជាគរោ |
| អពលស្សំវ សីឃស្សោ | ហិត្វា យាតិ សុមេធសោ ។ |
👉បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែលមានកម្លាំងទន់ទាប ដូច្នោះឯង ។
| ១០. | អប្បមាទេន មឃវា | ទេវានំ សេដ្ឋតំ គតោ |
| អប្បមាទំ បសំសន្តិ | បមាទោ គរហិតោ សទា ។ |
👉មឃវា គឺព្រះឥន្ទ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ហើយត្មះតិះដៀលនូវសេចក្តីប្រមាទសព្វៗ កាល ។
| ១១. | អប្បមាទរតោ ភិក្ខុ | បមាទេ ភយទស្សិ វា |
| សញ្ញោជនំ អណុំ ថូលំ | ឌហំ អគ្គីវ គច្ឆតិ ។ |
👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ (កម្ទេចនូវព្រៃ ទាំងព្រៃតូច ទាំងព្រៃធំ) ដូច្នោះឯង ។
| ១២. | អប្បមាទរតោ ភិក្ខុ | បមាទេ ភយទស្សិ វា |
| អភព្វោ បរិហានាយ | និព្វានស្សេវ សន្តិកេ ។ |
👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវគុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
ចប់អប្បមាទវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ