បណ្ឌិតវគ្គ
☸️៦. បណ្ឌិតវគ្គ មាន ១៤ គាថា
| ១. | និធីនំវ បវត្តារំ | យំ បស្សេ វជ្ជទស្សិនំ |
| និគ្គយ្ហវាទិំ មេធាវិំ | តាទិសំ បណ្ឌិតំ ភជេ | |
| តាទិសំ ភជមានស្ស | សេយ្យោ ហោតិ ន បាបិយោ ។ |
👉បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់រកអ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត ( ព្រោះថា ) កាលបើបុគ្គលគប់រកអ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។
| ២. | ឱវទេយ្យានុសាសេយ្យ | អសព្ភា ច និវារយេ |
| សតញ្ហិ សោ បិយោ ហោតិ | អសតំ ហោតិ អប្បិយោ ។ |
👉បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។
| ៣. | ន ភជេ បាបកេ មិត្តេ | ន ភជេ បុរិសាធមេ |
| ភជេថ មិត្តេ កល្យាណេ | ភជេថ បុរិសុត្តមេ ។ |
👉បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។
| ៤. | ធម្មបីតិ សុខំ សេតិ | វិប្បសន្នេន ចេតសា |
| អរិយប្បវេទិតេ ធម្មេ | សទា រមតិ បណ្ឌិតោ ។ |
👉បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។
| ៥. | ឧទកញ្ហិ នយន្តិ នេត្តិកា | ឧសុការា នមយន្តិ តេជនំ |
| ទារុំ នមយន្តិ តច្ឆកា | អត្តានំ ទមយន្តិ បណ្ឌិតា ។ |
👉ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។
| ៦. | សេលោ យថា ឯកឃនោ | វាតេន ន សមីរតិ |
| ឯវំ និន្ទាបសំសាសុ | ន សមិញ្ជន្តិ បណ្ឌិតា ។ |
👉ភ្នំថ្មតាន់ មិនកម្រើកព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិតទាំងឡាយ ក៏មិនរំភើបញាប់ញ័រ ព្រោះពាក្យតិះដៀល និងពាក្យសរសើរ (ជាដើម) ដូច្នោះឯង ។
| ៧. | យថាបិ រហទោ គម្ភីរោ | វិប្បសន្នោ អនាវិលោ |
| ឯវំ ធម្មានិ សុត្វាន | វិប្បសីទន្តិ បណ្ឌិតា ។ |
👉អន្លង់ទឹកជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួនយ៉ាងនោះ ។
| ៨. | សព្ពត្ថ វេ សប្បុរិសា វជន្តិ | ន កាមកាមា លបយន្តិ សន្តោ |
| សុខេន ផុដ្ឋា អថ វា ទុខេន | ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។ |
👉ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុងកាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។
| ៩. | ន អត្តហេតុ ន បរស្ស ហេតុ | ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ |
| ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ | ស សីលវា បញ្ញវា ធម្មិកោ សិយា ។ |
👉បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។
| ១០. | អប្បកា តេ មនុស្សេសុ | យេ ជនា បារគាមិនោ |
| អថាយំ ឥតរា បជា | តីរមេវានុធាវតិ ។ |
👉បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ (គឺសក្កាយទិដ្ឋិ) ។
| ១១. | យេ ច ខោ សម្មទក្ខាតេ | ធម្មេ ធម្មានុវត្តិនោ |
| តេ ជនា បារមេស្សន្តិ | មច្ចុធេយ្យំ សុទុត្តរំ ។ |
👉ជនទាំងឡាយណា ប្រព្រឹត្តដ៏សមគួរតាមធម៌ ក្នុងធម៌ដែលតថាគតសម្តែងទុកហើយដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវត្រើយ គឺព្រះនិព្វាន ។
| ១២. | កណ្ហំ ធម្មំ វិប្បហាយ | សុក្កំ ភាវេថ បណ្ឌិតោ |
| ឱកា អនោកមាគម្ម | វិវេកេ យត្ថ ទូរមំ ។ |
👉បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ( ដោយវិធី ) ចេញចាកអាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម៌មិនមានអាល័យ ។
| ១៣. | តត្រាភិរតិមិច្ឆេយ្យ | ហិត្វា កាមេ អកិញ្ចនោ |
| បរិយោទបេយ្យ អត្តានំ | ចិត្តក្លេសេហិ បណ្ឌិតោ ។ |
👉គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត ។
| ១៤. | យេសំ សម្ពោធិយង្គេសុ | សម្មា ចិត្តំ សុភាវិតំ |
| អាទានបដិនិស្សគ្គេ | អនុបាទាយ យេ រតា | |
| ខីណាសវា ជុតិមន្តោ | តេ លោកេ បរិនិព្វុតា ។ |
👉ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ដែលជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះបង់នូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក ។
ចប់បណ្ឌិតវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ