☸️១១. ជរាវគ្គ មាន ១១ គាថា
| ១. | កោ នុ ហាសោ កិមានន្ទោ | និច្ចំ បជ្ជលិតេ សតិ |
| អន្ធការេន ឱនទ្ធា | បទីបំ ន គវេសថ ។ |
👉កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេចក៏ត្រេកត្រអាល អ្នកទាំងឡាយ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ( ដើម្បីកម្ចាត់នូវសេចក្តីងងឹតនោះចេញ ) ។
| ២. | បស្ស ចិត្តកតំ ពិម្ពំ | អរុកាយំ សមុស្សិតំ |
| អាតុរំ ពហុសង្កប្បំ | យស្ស នត្ថិ ធុវំ ឋិតិ ។ |
👉អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព ( នោះ ) ដែលកុសលាកុសលកម្ម ធ្វើឲ្យវិចិត្រហើយ ជាកាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាពក្ដៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះយ៉ាងខ្លាំងរបស់ជនច្រើនគ្នា ។
| ៣. | បរិជិណ្ណមិទំ រូបំ | រោគនិទ្ធំ បភង្គុណំ |
| ភិជ្ជតិ បូតិសន្ទេហោ | មរណន្ដំ ហិ ជីវិតំ ។ |
👉រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែកធ្លាយទៅវិញ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។
| ៤. | យានិមានិ អបត្ថានិ | អលាពូនេវ សារទេ |
| កាបោតកានិ អដ្ឋីនិ | តានិ ទិស្វាន កា រតិ ។ |
👉ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដីត្រេកអរអ្វីហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។
| ៥. | អដ្ឋីនំ នគរំ កតំ | មំសលោហិតលេបនំ |
| យត្ថ ជរា ច មច្ចុ ច | មានោ មក្ខោ ច ឱហិតោ ។ |
👉សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួន និងសេចក្ដីលុបគុណ ប្រជុំចុះក្នុងសរីរៈណា ( សរីរៈនោះ ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ បិទបូកលាបដោយសាច់និងឈាម ។
| ៦. | ជីរន្តិ វេ រាជរថា សុចិត្តា | អថោ សរីរម្បិ ជរំ ឧបេតិ |
| សតញ្ច ធម្មោ ន ជរំ ឧបេតិ | សន្តោ ហវេ សព្ភិ បវេទយន្តិ ។ |
👉រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា រីឯធម៌របស់សប្បុរសទាំងឡាយ មិនចូលដល់នូវការចាស់ជរាឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផងគ្នា ។
| ៧. | អប្បស្សុតាយំ បុរិសោ | ពលិពទ្ធោវ ជីរតិ |
| មំសានិ តស្ស វឌ្ឍន្តិ | បញ្ញា តស្ស ន វឌ្ឍតិ ។ |
👉បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូចគោបម្រើ សាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើយ ។
| ៨. | អនេកជាតិសំសារំ | សន្ធាវិស្សំ អនិព្វិសំ |
| គហការំ គវេសន្តោ | ទុក្ខា ជាតិ បុនប្បុនំ ។ |
👉កាលតថាគតមិនទាន់បានជួបប្រទះ ( ព្រះពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហាអ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។
| ៩. | គហការក ទិដ្ឋោសិ | បុន គេហំ ន កាហសិ |
| សព្វា តេ ផាសុកា ភគ្គា | គហកូដំ វិសង្ខតំ | |
| វិសង្ខារគតំ ចិត្តំ | តណ្ហានំ ខយមជ្ឈគា ។ |
👉នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀតមិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។
| ១០. | អចរិត្វា ព្រហ្មចរិយំ | អលទ្ធា យោព្វនេ ធនំ |
| ជិណ្ណកោញ្ចាវ ឈាយន្តិ | ខីណមច្ឆេវ បល្លលេ ។ |
👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែងសញ្ជប់សញ្ជឹងដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។
| ១១. | អចរិត្វា ព្រហ្មចរិយំ | អលទ្ធា យោព្វនេ ធនំ |
| សេន្តិ ចាបាតិខីណាវ | បុរាណានិ អនុត្ថុនំ ។ |
👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំលោះក្រមុំ រមែងដេកថ្ងូរសោកស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ(1)ដូច្នោះ ។
(
1)[ព្រួញដែលផុតហើយពីខ្សែបន្លោះ ទៅតាមកម្លាំង រួចហើយក៏ធ្លាក់ចុះ កាលដែលមិនមានអ្នកណាចាប់វា លើកឡើងទេ វាក៏ត្រូវជាចំណីនៃសត្វកណ្តៀរក្នុងទីនោះឯង យ៉ាងណា បុគ្គលពាលល្ងង់ខ្លៅទាំងនោះ ក៏យ៉ាងនោះដែរ កាលដែលវ័យទាំង ៣ កន្លងទៅហើយ ក៏ចូលដល់មរណៈ ព្រោះការដែលមិនអាចលើកខ្លួនឯងឡើងបាន ក្នុងកាលឥឡូវនេះ ។ មុនពេលស្លាប់ បុគ្គលពាល មានតែការសោកសៅ នឹកដល់ការដែលខ្លួនធ្លាប់ស៊ី ធ្លាប់ផឹក ធ្លាប់រាំ ធ្លាប់ច្រៀង ធ្លាប់ប្រគំជាដើម ក្នុងកាលមុនប៉ុណ្ណោះ ។]
ចប់ជរាវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ