☸️១២. អត្តវគ្គ មាន ១០ គាថា
| ១. | អត្តានញ្ចេ បិយំ ជញ្ញា | រក្ខេយ្យ នំ សុរក្ខិតំ |
| តិណ្ណំ អញ្ញតរំ យាមំ | បដិជគ្គេយ្យ បណ្ឌិតោ ។ |
👉បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំងបី វ័យណាមួយ ។
| ២. | អត្តានមេវ បឋមំ | បតិរូបេ និវេសយេ |
| អថញ្ញមនុសាសេយ្យ | ន កិលិស្សេយ្យ បណ្ឌិតោ ។ |
👉បណ្ឌិតគួរតម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ ( ធ្វើយ៉ាងនេះ ) នឹងមិនគប្បីសៅហ្មងឡើយ ។
| ៣. | អត្តានំ ចេ តថា កយិរា | យថញ្ញមនុសាសតិ |
| សុទន្តោ វត ទមេថ | អត្តា ហិ កិរ ទុទ្ទមោ ។ |
👉បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។
| ៤. | អត្តា ហិ អត្តនោ នាថោ | កោ ហិ នាថោ បរោ សិយា |
| អត្តនា ហិ សុទន្តេន | នាថំ លភតិ ទុល្លភំ ។ |
👉ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្ដេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេរកបានដោយកម្រ ។
| ៥. | អត្តនា វ កតំ បាបំ | អត្តជំ អត្តសម្ភវំ |
| អភិមត្ថតិ ទុម្មេធំ | វជិរំ វម្ហយំ មណិំ ។ |
👉បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាថ្នា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។
| ៦. | យស្ស អច្ចន្តទុស្សីល្យំ | មាលុវា សាលមិវោត្ថតំ |
| ករោតិ សោ តថត្តានំ | យថា នំ ឥច្ឆតី ទិសោ ។ |
👉ភាពជាអ្នកទ្រុស្ដសីលហួសហេតុ1 គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។
| ៧. | សុករានិ អសាធូនិ | អត្តនោ អហិតានិ ច |
| យំ វេ ហិតញ្ច សាធុញ្ច | តំ វេ បរមទុក្ករំ ។ |
👉កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក ។
| ៨. | យោ សាសនំ អរហតំ | អរិយានំ ធម្មជីវិនំ |
| បដិក្កោសតិ ទុម្មេធោ | ទិដ្ឋិំ និស្សាយ បាបិកំ | |
| ផលានិ កណ្ដកស្សេវ | អត្តឃញ្ញាយ ផល្លតិ ។ |
👉បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយជាព្រះអរហន្ដដ៏ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូចផ្លែឫស្សី ( ចេញមកសម្លាប់ដើម ) ដូច្នោះឯង ។
| ៩. | អត្តនា វ កតំ បាបំ | អត្តនា សំកិលិស្សតិ |
| អត្តនា អកតំ បាបំ | អត្តនា វ វិសុជ្ឈតិ | |
| សុទ្ធិ អសុទ្ធិ បច្ចត្តំ | នាញ្ញោ អញ្ញំ វិសោធយេ ។ |
👉អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដីបរិសុទ្ធនិងមិនបរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។
| ១០. | អត្តទត្ថំ បរត្ថេន | ពហុនាបិ ន ហាបយេ |
| អត្តទត្ថមភិញ្ញាយ | សទត្ថបសុតោ សិយា ។ |
👉បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឺងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ ) ។
ចប់អត្តវគ្គ
- [ ***បើគ្រហស្ថ ចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង ១០ បើបព្វជិតគិតអំពីថ្ងៃដែលបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រុស្តសីលហួសហេតុ ] ↩︎

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ