☸️១៥. សុខវគ្គ មាន ១២ គាថា
| ១. | សុសុខំ វត ជីវាម | វេរិនេសុ អវេរិនោ |
| វេរិនេសុ មនុស្សេសុ | វិហរាម អវេរិនោ ។ |
👉យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ ។
| ២. | សុសុខំ វត ជីវាម | អាតុរេសុ អនាតុរា |
| អាតុរេសុ មនុស្សេសុ | វិហរាម អនាតុរា ។ |
👉យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួកមនុស្ស មានសេចក្ដីក្ដៅក្រហាយ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ។
| ៣. | សុសុខំ វត ជីវាម | ឧស្សុកេសុ អនុស្សុកា |
| ឧស្សុកេសុ មនុស្សេសុ | វិហរាម អនុស្សុកា ។ |
👉យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ។
| ៤. | សុសុខំ វត ជីវាម | យេសន្នោ នត្ថិ កិញ្ចនំ |
| បីតិភក្ខា ភវិស្សាម | ទេវា អាភស្សរា យថា ។ |
👉យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត ( ព្រោះ ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។
| ៥. | ជយំ វេរំ បសវតិ | ទុក្ខំ សេតិ បរាជិតោ |
| ឧបសន្តោ សុខំ សេតិ | ហិត្វា ជយបរាជយំ ។ |
👉បុគ្គលអ្នកឈ្នះ តែងប្រសព្វនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។
| ៦. | នត្ថិ រាគសមោ អគ្គិ | នត្ថិ ទោសសមោ កលិ |
| នត្ថិ ខន្ធសមា ទុក្ខា | នត្ថិ សន្តិបរំ សុខំ ។ |
👉ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្ដីស្ងប់ មិនមាន ។
| ៧. | ជិឃច្ឆាបរមា រោគា | សង្ខារា បរមា ទុខា |
| ឯតំ ញត្វា យថាភូតំ | និព្វានំ បរមំ សុខំ ។ |
👉សេចក្ដីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង ( អ្នកប្រាជ្ញ ) ដឹងច្បាស់នូវសេចក្ដីនុ៎ះតាមពិតហើយ ( រមែងធ្វើឲ្យជាក់ច្បាស់ ) នូវព្រះនិព្វាន ដែលជាសុខយ៉ាងក្រៃលែង ។
| ៨. | អារោគ្យបរមា លាភា | សន្តុដ្ឋិ បរមំ ធនំ |
| វិស្សាសបរមា ញាតី | និព្វានំ បរមំ សុខំ ។ |
👉ការមិនមានរោគ ជាលាភយ៉ាងក្រៃលែង សេចក្ដីសន្ដោស ជាទ្រព្យយ៉ាងក្រៃលែង សេចក្ដីស្និទ្ធស្នាល ជាញាតិយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។
| ៩. | បវិវេករសំ បិត្វា | រសំ ឧបសមស្ស ច |
| និទ្ទរោ ហោតិ និប្បាបោ | ធម្មបីតិរសំ បិវំ ។ |
👉ភិក្ខុផឹករសវិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង ផឹករសបីតិ ដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្ដីក្រវល់ក្រវាយ មិនមានសេចក្ដីសៅហ្មងឡើយ ។
| ១០. | សាហុ ទស្សនមរិយានំ | សន្និវាសោ សទា សុខោ |
| អទស្សនេន ពាលានំ | និច្ចមេវ សុខី សិយា ។ |
👉ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុនាំឲ្យកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនចួបប្រទះបុគ្គលពាលទាំងឡាយ ។
| ១១. | ពាលសង្គតចារី ហិ | ទីឃមទ្ធាន សោចតិ |
| ទុក្ខោ ពាលេហិ សំវាសោ | អមិត្តេនេវ សព្វទា | |
| ធីរោ ច សុខសំវាសោ | ញាតីនំវ សមាគមោ ។ |
👉បុគ្គលអ្នកប្រព្រឹត្តសេពគប់ ដោយជនពាល រមែងសោកស្ដាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខក្រៃលែង ដូចការនៅរួមជាមួយសត្រូវ ចំណែកការនៅរួមជាមួយនឹងធីរជន រមែងនាំមកនូវសុខ ដូចការជួបជុំនៃពួកញាតិ ។
| ១២. | តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច | ធោរយ្ហសីលំ វតវន្តមរិយំ |
| តំ តាទិសំ សប្បុរិសំ សុមេធំ | ភជេថ នក្ខត្តបថំវ ចន្ទិមា ។ |
👉ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះ ៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស ។
ចប់សុខវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ