☸️១៨. មលវគ្គ មាន ២១ គាថា
| ១. | បណ្ឌុបលាសោវទានិសិ | យមបុរិសាបិ ច តេ ឧបដ្ឋិតា |
| ឧយ្យោគមុខេ ច តិដ្ឋសិ | បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។ |
👉ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ គឺមរណៈសោត ក៏ប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅក្នុងមាត់នៃសេចក្ដីវិនាស សូម្បីស្បៀងគឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។
| ២. | សោ ករោហិ ទីបមត្តនោ | ខិប្បំ វាយម បណ្ឌិតោ ភវ |
| តនិទ្ធន្តមលោ អនង្គណោ | ទិព្វំ អរិយភូមិមេហិសិ ។ |
👉អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទូល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។
| ៣. | ឧបនីតវយោវទានិសិ | សម្បយាតោសិ យមស្ស សន្ដិកំ |
| ជិវាសោ តេ នត្ថិ អន្តរា | បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។ |
👉ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ ជាអ្នករៀបដំណើរ ទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក ។
| ៤. | សោ ករោហិ ទីបមត្តនោ | ខិប្បំ វាយម បណ្ឌិតោ ភវ |
| និទ្ធន្តមលោ អនង្គណោ | ន បុនំ ជាតិជរំ ឧបេហិសិ ។ |
👉អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទួលគឺកិលេស នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។
| ៥. | អនុបុព្វេន មេធាវី | ថោកំ ថោកំ ខណេ ខណេ |
| កម្មារោ រជតស្សេវ | និទ្ធមេ មលមត្តនោ ។ |
👉អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្ដិចម្ដងៗ រាល់ៗ ខណៈដោយលំដាប់ ដូចជាងមាសជម្រះស្នឹមឬច្រែះរបស់មាសដូច្នោះ ។
| ៦. | អយសាវ មលំ សមុដ្ឋិតំ | តទុដ្ឋាយ តមេវ ខាទតិ |
| ឯវំ អតិធោនចារិនំ | សានិ កម្មានិ នយន្តិ ទុគ្គតឹ ។ |
👉ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។
| ៧. | អសជ្ឈាយមលា មន្តា | អនុដ្ឋានមលា ឃរា |
| មលំ វណ្ណស្ស កោសជ្ជំ | បមាទោ រក្ខតោ មលំ ។ |
👉មន្ដទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្ដីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ សេចក្ដីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។
| ៨. | មលិត្ថិយា ទុច្ចរិតំ | មច្ឆេរំ ទទតោ មលំ |
| មលា វេ បាបកា ធម្មា | អស្មិំ លោកេ បរម្ហិ ច ។ |
👉ការប្រព្រឹត្តអាក្រក់ ជាមន្ទិលរបស់ស្ដ្រី សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ ជាមន្ទិល ក្នុងលោកនេះ និងលោកខាងមុខ ។
| ៩. | តតោ មលា មលតរំ | អវិជ្ជា បរមំ មលំ |
| ឯតំ មលំ បហន្ត្វាន | និម្មលា ហោថ ភិក្ខវោ ។ |
👉មន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់មន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ ។
| ១០. | សុជីវំ អហិរិកេន | កាកសូរេន ធំសិនា |
| បក្ខន្ទិនា បគព្ភេន | សំកិលិដ្ឋេន ជីវិតំ ។ |
👉បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ស្ទុះស្ទារដូចសត្វក្អែក កម្ចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។
| ១១. | ហិរីមតា ច ទុជ្ជីវំ | និច្ចំ សុចិគវេសិនា |
| ទេវាបិ នំអលីនេនាប្បគព្ភេន | សុទ្ធាជីវេន បស្សតា ។ |
👉ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក ។
| ១២. | យោ បាណមតិមាបេតិ | មុសាវាទញ្ច ភាសតិ |
| លោកេ អទិន្នំ អាទិយតិ | បរទារញ្ច គច្ឆតិ ។ |
👉ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានឲ្យក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង ។
| ១៣. | សុរាមេរយបានញ្ច | យោ នរោ អនុយុញ្ជតិ |
| ឥធេវមេសោ លោកស្មឹ | មូលំ ខណតិ អត្តនោ ។ |
👉ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះឯង ឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។
| ១៤. | ឯវំ ភោ បុរិស ជានាហិ | បាបធម្មា អសញ្ញតា |
| មា នំ លោភោ អធម្មោ ច | មនសា សុចរិតំ ចិរំ ទុក្ខាយ រន្ធយុំ ។ |
👉ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយ មានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួម ដូច្នេះ លោភៈនិងសភាពមិនមានធម៌ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបានសេចក្ដីទុក្ខ អស់កាលយូរឡើយ ។
| ១៥. | ទទាតិ វេ យថាសទ្ធំ | យថាបសាទនំ ជនោ |
| តត្ថ យោ មង្កុភូតោ ហោតិ | បរេសំ បានភោជនេ | |
| ន សោ ទិវា វា រត្តឹ វា | សមាធឹ អធិគច្ឆតិ ។ |
👉ជនរមែងឲ្យតាមសទ្ធា តាមសេចក្ដីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាសក្នុងទឹក និងភោជន របស់ជនទាំងឡាយដទៃជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ ។
| ១៦. | យស្ស ចេតំ សមុច្ឆិន្នំ | មូលឃច្ចំ សមូហតំ |
| ស វេ ទិវា វា រត្តឹ វា | សមាធឹ អធិគច្ឆតិ ។ |
👉លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ។
| ១៧. | នត្ថិ រាគសមោ អគ្គិ | នត្ថិ ទោសសមោ គហោ |
| នត្ថិ មោហសមំ ជាលំ | នត្ថិ តណ្ហាសមា នទី ។ |
👉ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្ដាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន ។
| ១៨. | សុទស្សំ វជ្ជមញ្ញេសំ | អត្តនោ បន ទុទ្ទសំ |
| បរេសំ ហិ សោ វជ្ជានិ | ឱបុនាតិ យថា ភុសំ | |
| អត្តនោ បន ឆាទេតិ | កលឹវ កិតវា សឋោ ។ |
👉ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះបុគ្គលនោះរោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថារមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង មានមែកឈើជាដើម ដូច្នោះ ។
| ១៩. | បរវជ្ជានុបស្សិស្ស | និច្ចំ ឧជ្ឈានសញ្ញិនោ |
| អាសវា តស្ស វឌ្ឍន្តិ | អារា សោ អាសវក្ខយា ។ |
👉កាលបុគ្គលគយឃ្លាំមើលទោស របស់អ្នកដទៃជាប្រក្រតី មានការកត់សំគាល់ហេតុក្នុងការពោលទោស ( អ្នកដទៃ ) ជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ ឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ ។
| ២០. | អាកាសេវ បទំ នត្ថិ | សមណោ នត្ថិ ពាហិរេ |
| បបញ្ចាភិរតា បជា | និប្បបញ្ចា តថាគតា ។ |
👉ស្នាមជើងក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឹតយូរឡើយ ។
| ២១. | អាកាសេវ បទំ នត្ថិ | សមណោ នត្ថិ ពាហិរេ |
| សង្ខារា សស្សតា នត្ថិ | នត្ថិ ពុទ្ធានមិញ្ជិតំ ។ |
👉ស្នាមជើងក្នុងអាកាស មិនមាន សាមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយ ជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។
ចប់មលវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ