យមកវគ្គ
មាន១៤រឿង – ២០គាថា
☸️១២. រឿង ភិក្ខុទេវទត្ត “ឣំពើឣាក្រក់”
👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖
- បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។
- បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក មនុស្សទាំងនោះ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏បានសម្រេចនូវព្រះសោតាបត្តិផល គ្រប់ៗ គ្នា ។
- បានឡើងទៅ លើកំពូលភ្នំគិជ្ឈកូដហើយ ទម្លាក់ដុំថ្ម ចុះមក បានធ្វើលោហិតុប្បាទ ដល់ព្រះសាស្តា ។
- បានលែងដំរីនាឡាគិរី ដែលចុះប្រេង ឲ្យទៅធ្វើឣន្តរាយ ដល់ព្រះសាស្តា តែមិនបានសម្រេចដូចគោលបំណងឡើយ ។
- បានប្រមូលពួកភិក្ខុ ៥០០ រូប ធ្វើសង្ឃភេទ គឺបំបែកសង្ឃ ។
ចំណេរកាលក្រោយមក ភិក្ខុទេវទត្ត មានជម្ងឺយ៉ាងធ្ងន់ ឣស់ រយៈពេល ៩ ខែ, ទីបំផុត ភិក្ខុទេវទត្ត បានដឹងទោសកំហុសរបស់ខ្លួនហើយ មានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ បានឲ្យកូនសិស្សសែងទៅ គាល់ព្រះ ឣង្គ, ពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះ ក្បែរវត្តជេតពនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមនោះ ព្រះធរណី ក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅ ក្នុងថ្ងៃនោះឯង ។
ភិក្ខុទាំងឡាយ បានក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុទេវទត្ត បានធ្វើបាបកម្ម ដ៏ធន់យ៉ាងនះ តើនឹងទៅកើតនៅក្នុងទីណាដែរ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្ត នឹងទៅកើត នៅក្នុងឣវិចីនរក” ហើយទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
| ១៧. | ឥធ តប្បតិ បេច្ច តប្បតិ | បាបការី ឧភយត្ថ តប្បតិ |
| បាបំ មេ កតន្តិ តប្បតិ | ភិយ្យោ តប្បតិ ទុគ្គតិំ គតោ ។ |
👉បុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៤