៩. ព្រះសោរេយ្យត្ថេរ

ចិត្តវគ្គ

មាន៩រឿង – ១១គាថា

☸️៩. រឿង ព្រះសោរេយ្យត្ថេរ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះសោរេយ្យត្ថេរ ជាបុ្រតសេដ្ឋីក្រុងសោរេយ្យៈ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវព្រះមហាកច្ចាយនត្ថេរ ក៏កើតសេចក្តីស្រឡាញ់លោកភ្លាម បាននឹកគិត ក្នុងចិត្តថា “ព្រះថេរៈឣង្គនេះ មានរូបស្អាតអ្វីម៉្លេះហ្ន៎ បើបានជាភរិយា របស់ឣញ ឬក៏ ភរិយារបស់ឣញ មានរូបរាងស្អាតដូចជាព្រះថេរៈឣង្គនេះ ពិតជាប្រសើរណាស់ហ្ន៎” ។ ក្នុងមួយខណៈចិត្តដែលគិតនោះ, បុរសភេទ របស់សោរេយ្យសេដ្ឋីនោះ ក៏បានប្រែក្លាយទៅជាស្ត្រីភេទភ្លាម មួយរំពេចនោះឯង ។ ពេលដែលសោរេយ្យសេដ្ឋីនោះ បានក្លាយខ្លួនជាស្ត្រីហើយ គាត់មានការខ្មាសឣៀនយ៉ាងខ្លាំង មិនហ៊ានត្រឡប់ទៅនៅផ្ទះ របស់ខ្លួនវិញឡើយ ក៏បានភៀសខ្លួនទៅ រស់នៅឯទីក្រុងតក្កសីលា ហើយបានជាភរិយា របស់សេដ្ឋីបុត្រ នៅទីក្រុងនោះឯង ។

ពេលដែលសោរេយ្យសេដ្ឋី នៅជាបុរស ក្នុងក្រុងសោរេយ្យៈនោះ គាត់មានបុត្រ ២ នាក់, ពេលដែលក្លាយខ្លួនជាស្ត្រី បានស្វាមី នៅឯទីក្រុងតក្កសីលានោះ ក៏មានបុត្រ ២ នាក់ដែរ ។

សម័យថ្ងៃមួយ សំឡាញ់ របស់សោរេយ្យសេដ្ឋី ដែលជាឣ្នកស្និទ្ធស្នាលនឹងគ្នា នៅឯទីក្រុងសោរេយ្យៈ បានទៅលេងទីក្រុងតក្កសីលា ដឹងដំណឹងថា “សោរេយ្យសេដ្ឋី ដែលជាសំឡាញ់ របស់ខ្លួន បានក្លាយខ្លួនជាស្រី ហើយបានស្វាមី នៅទីក្រុងតក្កសីលា” ក៏កើតសេចក្តីតក់ស្លុតរន្ធត់ចិត្ត យ៉ាងខ្លាំង បានចូលទៅជួបហើយ ណែនាំសោរេយ្យសេដ្ឋីនោះ ឲ្យទៅសុំខមាទោស ចំពោះព្រះមហាកច្ចាយនត្ថេរ ។ ព្រះមហាកច្ចាយនត្ថេរ ក៏បានលើកលែងទោសឲ្យ ក្នុងគ្រានោះឯង ។

ក្នុងពេលនោះ ស្ត្រីភេទ ក៏បានវិនាសបាត់ទៅ ឯបុរសភេទ ក៏បានមកជំនួស ដូចរូបដើមវិញភ្លាម ។ ក្រោយមក សោរេយ្យសេដ្ឋី មានសទ្ធាជ្រះថ្លា បានសាងផ្នួស ក្នុងសំណាក់ព្រះមហាកច្ចាយនត្ថេរ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកពុទ្ធបរិស័ទ ក៏បានមក សួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ បុត្រដែលកើតចេញពីផ្ទៃនៃភរិយា និង បុត្រដែលកើតចេញពីផ្ទៃនៃព្រះគុណម្ចាស់ តើព្រះគុណម្ចាស់ ស្រឡាញ់បុត្រខាងណា ច្រើនជាងគេបំផុត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំព្រះករុណា ឣាត្មាភាព មិនស្រឡាញ់បុត្រខាងណា ខ្លាំងជាងខាងណាទៀតឡើយ គឺឈប់ស្រឡាញ់ទាំងឣស់ហើយ” ។

ពួកពុទ្ធបរិស័ទ បានចោទព្រះថេរៈថា “ពោលឣួតព្រះឣរហត្តផល” ដូច្នេះហើយ នាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះ សាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ បុត្រ របស់ តថាគត មិនបានពោលឣួតព្រះឣរហត្តផលទេ សេចក្តីស្នេហា ក្នុងបុត្រទាំងឡាយ ក៏មិនកើតមាន ដល់បុត្ររបស់តថាគតដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.ន  តំ  មាតា  បិតា  កយិរាអញ្ញេ  វាបិ  ច  ញាតកា
សម្មាបណិហិតំ  ចិត្តំសេយ្យសោ  នំ  តតោ  ករេ  ។

👉មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃ ជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាង​ចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។

ចប់ចិត្តវគ្គ ទី ៣

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០៣-ចិត្តវគ្គរឿង

📜១. ព្រះមេឃិយត្ថេរ
📜២. ឣញ្ញត្រភិក្ខុ
📜៣. ឧកណ្ឌិកភិក្ខុ
📜៤. ព្រះភាគិនេយ្យ
📜៥. ព្រះចិត្តហត្ថត្ថេរ
📜៦. ឣារទ្ធវិបស្សកភិក្ខុ
📜៧. ព្រះបូតិគត្តតិស្សត្ថេរ
📜៨. នាយនន្ទគោបាល
📜៩. ព្រះសោរេយ្យត្ថេរ