បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️៥. រឿង មច្ឆរិយកោសិយសេដ្ឋី
👉ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវមច្ឆរិយកោសិយសេដ្ឋី ជាមនុស្សកំណាញ់ស្វិតស្វាញ ហួសប្រមាណ ។ សម័យថ្ងៃមួយ លោកសេដ្ឋី ចង់បរិភោគនំឣំបែង ព្រោះតែគាត់កំណាញ់ខ្លាំងពេក ខ្លាចក្រែងមានពួកឣ្នកស្រុកមកសុំគាត់ស៊ី ទើបមិនហ៊ានឲ្យប្រពន្ធគាត់ ធ្វើនំ នៅកន្លែងដែលមានពួកឣ្នកស្រុកទៅមកច្រើន គាត់បានប្រើប្រពន្ធឲ្យយករបស់របរធ្វើនំ ឡើងទៅជាន់ខាងលើគេបង្អស់ ដើម្បីកុំឲ្យពួកមនុស្សម្នាមើលឃើញ ។ ចំណែកឯ របស់សម្រាប់ធ្វើនំនោះសោត ក៏គាត់មិនឲ្យយករបស់ដែលមានតម្លៃច្រើនៗ ទៅធ្វើនំទេ គឺគាត់បានឲ្យយកតែចុងឣង្ករខ្ទេចៗ ប៉ុណ្ណោះ ព្រោះគាត់ខ្លាចឣស់ឣង្ករ ។ និយាយឣំពីនំដែលគាត់ឲ្យធ្វើនោះ សូម្បីតែប្រពន្ធសំឡាញ់ចិត្ត ដែលជាឣ្នកធ្វើនំ ឲ្យគាត់បរិភោគនោះ ក៏គាត់មិនឲ្យបរិភោគដែរ គឺ ឲ្យធ្វើសម្រាប់តែមាត់គាត់ម្នាក់ឯងប៉ុណ្ណាះ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផល របស់លោកសេដ្ឋី និង ភរិយា ទើបទ្រង់ត្រាស់ហៅ នូវព្រះមហាមោគ្គល្លានត្ថេរ ឲ្យនិមន្តទៅ ទូន្មានឣប់រំ ដើម្បីឲ្យលោកសេដ្ឋី លះបង់ចិត្តកំណាញ់ស្វិត ចោលឲ្យឣស់ កុំឲ្យមានសេសសល់ ។
ព្រះមហាមោគ្គល្លាន បាននិមន្តទៅ ឣប់រំទូន្មានលោកសេដ្ឋី និង ភរិយា ឲ្យមានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំគាត់ ទាំងពីរនាក់ប្តីប្រពន្ធ ទៅក្រាបថ្វាយបង្គំព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ប្រោសលោកសេដ្ឋី និង ភរិយា ឲ្យបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ។
ពួកភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរគុណ របស់ព្រះមហាមោគ្គល្លានត្ថេរ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | យថាបិ ភមរោ បុប្ផំ | វណ្ណគន្ធំ អហេឋយំ |
| បលេតិ រសមាទាយ | ឯវំ គាមេ មុនី ចរេ ។ |
👉ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។
