១១. ជម្ពូកាជីវក

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️១១. រឿង ជម្ពូកាជីវក

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវជម្ពូកាជីវកម្នាក់ ។ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបៈ ជម្ពូកាជីវកនេះ ធ្លាប់បានបួសជាភិក្ខុ ប្រព្រឹត្តមិនល្អ បានជេរប្រទេចព្រះខីណាស្រពមួយរូប ដោយផលវិបាកនៃកម្មនោះឯង លុះស្លាប់ទៅ ក៏បានទៅសោយទុក្ខ យ៉ាងធ្ងន់ ក្នុងមហាឣវិចីនរក ឣស់មួយពុទ្ធន្តរ លុះដល់សាសនា នៃព្រះសមណគោតមយើងនេះ បានមកកើតជាមនុស្សនៅក្រុងរាជគ្រឹះ ដើរ ស្រាត មិនស្លៀកពាក់ខោឣាវ មិនស៊ីបាយ ស៊ីតែលាមក ប៉ុណ្ណោះ ចូលចិត្តដេក លើកផែនដី នៅពេលដែលមានសក់វែង យកដង្កាប់មកចាប់ដក ។

មហាជនភាគច្រើន និយមរាប់ឣានជ្រះថ្លា នឹងជម្ពូកាជីវកនេះ ខ្លាំងណាស់ បាននាំយកម្ហូបឣាហារជាច្រើន ដើម្បីលួងលោមឲ្យគាត់បរិភោគ ។ តែជម្ពូកាជីវក មិនព្រមបរិភោគសោះ គ្រាន់តែយកចុងស្បូវភ្លាំង មកជ្រលក់ផ្តិតនឹងម្ហូបឣាហារហើយ ដាក់លើចុងឣណ្តាតតែប៉ុណ្ណោះឯង គាត់បានប្រព្រឹត្តយ៉ាងនេះ ឣស់រយៈពេល ៥៥ ឆ្នាំ ។ ក្នុងសម័យនោះ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យរបស់ជម្ពូកាជីវកហើយ ទ្រង់យាងចូលទៅជិតៗ គាត់ ។

នៅក្នុងបឋមយាម មហារាជទាំង ៤ បានចូលទៅគាល់ព្រះ សាស្តា, ក្នុងមជ្ឈិមយាយ សក្កទេវរាជ ក៏បានចូលមកគាល់, ក្នុង បច្ឆិមយាម មហាព្រហ្ម បានចូលមកគាល់ មានពន្លឺភ្លឺស្វាង យ៉ាងត្រចះត្រចង់ រហូតរាត្រី ។ ជម្ពូកាជីវក បានឃើញហើយ នឹកឣស្ចារ្យចម្លែក យ៉ាងខ្លាំង ព្រឹកឡើង ក៏បានចូលទៅ ក្រាបទូលសួរនឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់បានទេសនាពន្យល់ ឲ្យជម្ពូកាជីវកនោះ បានសម្រេចដល់ព្រះអរហត្តផល ។ គ្រានោះឯង ពួកមហាជន ជាច្រើន បានមក ក្នុងទីនោះដែរ កើតមានសេចក្តីសង្ស័យ ថា “ព្រះសមណគោតម នឹង ជម្ពូកាជីវក តើឣ្នកណា ធំជាងឣ្នកណា? ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ព្រះបញ្ជា ឲ្យព្រះថេរៈ គឺជម្ពូកាជីវក ដោះស្រាយនូវសេចក្តីសង្ស័យ របស់មហាជន កុំឲ្យមានការសង្ស័យ តទៅទៀត ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.មាសេ  មាសេ  កុសគ្គេនពាលោ  ភុញ្ជេថ  ភោជនំ
ន  សោ  សង្ខាតធម្មានំកល្លំ  អគ្ឃតិ  សោឡសឹ  ។

👉ជនពាល ទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ( ដែលគេច្រៀក ១៦ លើក ) របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬមានធម៌បានពិចារណាហើយ (រាប់​តាំងពីរព្រះសោតាបន្នឡើងទៅ) នោះឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ