បណ្ឌិតវគ្គ
មាន១១រឿង – ១៤គាថា
☸️៤. រឿង ព្រះមហាកប្បិនត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកប្បិនត្ថេរ ។ កាលពីព្រះថេរៈនៅជាគ្រហស្ថនោះ លោកជាព្រះមហាក្សត្រ សោយរាជ្យសម្បត្តិ នៅនគរកុក្កុដវតី មានព្រះឣគ្គមហេសីទ្រង់ព្រះនាម ឣនោជាទេវី ។
សម័យថ្ងៃមួយ ព្រះរាជា ទ្រង់បានព្រះសណ្តាប់ព័ត៌មាន ឣំពីពួកពាណិជ ថា “ឥឡូវនេះ ព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ និង ព្រះសង្ឃរតនៈ បានកើតឡើងហើយ ក្នុងក្រុងសាវត្ថី” ដូច្នេះហើយ ទ្រង់មានព្រះទ័យសោមនស្ស យ៉ាងក្រៃលែង ហើយទ្រង់បានព្រះរាជទានព្រះរាជទ្រព្យ ឲ្យដល់ពួកពាណិជទាំងឣស់នោះ តាមសមគួរ ក្រោយមក ព្រះឣង្គទ្រង់លះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស មួយឣន្លើដោយពួកបរិវារ មាន ចំនួន ១០០០ នាក់ ទ្រង់យាងឆ្ពោះទៅកាន់ទីក្រុងសាវត្ថី ហើយទ្រង់ចួបប្រទះនឹងព្រះសាស្តា នៅពាក់កណ្តាលផ្លូវ ទ្រង់បានព្រះសណ្តាប់ នូវព្រះធម្មទេសនា គឺឣនុបុព្វីកថា ឣំពីព្រះ សាស្តា ហើយទ្រង់បានសម្រេចព្រះឣរហត្តផល ជាឯហិភិក្ខុ ក្នុងគ្រានោះឯង ។
សម័យក្រោយមក ព្រះនាងឣនោជាទេវី ព្រមទាំងស្រីស្នំដែលជាពួកបរិវារ បានឮនូវដំណឹងនោះហើយ ទើបយាងទៅកាន់សំណាក់ នៃព្រះសាស្តា បានស្តាប់ព្រះធម្មទេសនា របស់ព្រះឣង្គ ហើយ ក៏បានសម្រេចជាព្រះសោតាបន្ន បន្ទាប់មក ព្រះនាងបានសាងផ្នួសជានាងភិក្ខុនី ក្នុងសំណាក់ នៃនាងភិក្ខុនី ឈ្មោះ ឧប្បលវណ្ណាថេរី មួយឣន្លើដោយពួកបរិវារ ហើយបានសម្រេចព្រះឣរហត្តផល ទាំងឣស់គ្នា ក្នុងគ្រានោះឯងហោង ។
សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានឮសំឡេងដែលព្រះមហាកប្បិនត្ថេរ បានឧទាន ថា “សុខហ្ន៎! ៗ” ទើបនាំគ្នាទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តា ថា “ព្រះមហាកប្បិនត្ថេរ បានឧទានប្រារឰនូវសេចក្តីសុខ ក្នុងរាជ្យសម្បត្តិ” ។ ព្រះសាស្តា ទ្រង់ត្រាស់ធានារ៉ាប់រង ថា “ព្រះថេរៈ មិនបានឧទានប្រារឰសេចក្តីសុខ ក្នុងរាជ្យសម្បត្តិទេ គឺ ឧទានប្រារឰសេចក្តីសុខ ក្នុងព្រះនិព្វានទេតើ” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖
| ៤. | ធម្មបីតិ សុខំ សេតិ | វិប្បសន្នេន ចេតសា |
| អរិយប្បវេទិតេ ធម្មេ | សទា រមតិ បណ្ឌិតោ ។ |
👉បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។
