អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️៤. រឿង ព្រះឣនុរុទ្ធត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣនុរុទ្ធត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ និមន្តទៅស្វែងរកសំពត់បង្សុកូល ព្រោះលោកមានចីវរចាស់ដាច់ដាចទាំងឣស់ ក៏ឃើញសំពត់ទិព្វដែលនាងទេពធីតា បានយកមកដាក់ លើគំនរសម្រាម ទើបលោកទាញយកសំពត់នោះមកដោយបង្សុកូលសញ្ញា ហើយយកសំពត់នោះ ធ្វើជាចីវរប្រើប្រាស់ ។
គ្រានោះឯង ព្រះសាស្តា ព្រមជាមួយព្រះឣសីតិមហាសាវ័ក ទ្រង់យាងទៅជួយធ្វើចីវរព្រះឣនុរុទ្ធត្ថេរផងដែរ ។ ពួកមហាជន បាននាំគ្នាមកធ្វើចង្ហាន់បិណ្ឌបាត ដើម្បីថ្វាយព្រះពុទ្ធជាម្ចាស់ ព្រមទាំងព្រះភិក្ខុសង្ឃ ដែលបាននិមន្តមក ជួយធ្វើចីវរ រហូតដល់មានភោជនាហារនៅសល់ជាច្រើន ។ ពួកភិក្ខុទាំង ឡាយ ឃើញយ៉ាងដូច្នេះហើយ ក៏បានតិះដៀល ថា “ព្រះឣនុរុទ្ធត្ថេរ មានបំណងចង់ឣួតឣាង ឲ្យឣ្នកផងគេដឹង ថា ខ្លួន មានញាតិញោមច្រើន ហើយបានឲ្យប្រជាជន យកចង្ហាន់បិណ្ឌបាត មកច្រើនលើសលប់ទៀតផង” ។
ព្រះសាស្តា មុននឹងទ្រង់ដោះស្រាយនូវពាក្យចោទ របស់ភិក្ខុទាំងអស់នោះ ទ្រង់ត្រាស់ថា “ព្រះខីណាស្រពទាំងឡាយ មិនដែលនិយាយពាក្យដែលទាក់ទង ដោយបច្ច័យឡើយ” ដូចនេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | យស្សាសវ បរិក្ខីណា | អាហារេ ច អនិស្សិតោ |
| សុញ្ញតោ អនិមិត្តោ ច | វិមោក្ខោ យស្ស គោចរោ | |
| អាកាសេវ សកុន្តានំ | បទន្តស្ស ទុរន្នយំ ។ |
👉ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
