អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️៥. រឿង ព្រះមហាកច្ចាយនត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកច្ចាយនត្ថេរ ។ ព្រះថេរៈ គង់ចាំវស្សា នៅក្នុងឣវន្តីជនបទ ។ លុះបវារណា ចេញវស្សាហើយ ព្រះសាស្តា ព្រមជាមួយនឹងព្រះមហាសាវ័ក បានប្រជុំគ្នា ក្នុងបុព្វារាម ទុកឣាសនៈតែមួយ សម្រាប់ព្រះមហាកច្ចាយនៈ ។ ពេលនោះ សក្កទេវរាជ ទ្រង់យាងចុះមកធ្វើសក្ការបូជាហើយ ទ្រង់ទតព្រះនេត្រឃើញព្រះមហាកច្ចាយនៈនិមន្តមកហើយ ទ្រង់សោមនស្ស រីក រាយ ក្រាបថ្វាយបង្គំ បូជាដោយផ្កាកម្រងគ្រឿងក្រឣូបដែលជាទិព្វ ។ ពួកភិក្ខុទាំងឡាយ បានរិះគន់ តិះដៀល ដល់សក្កទេវរាជ ថា “ធ្វើនូវសក្ការបូជា ដោយរើសមុខ” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ភិក្ខុ ដែលសង្រួមឥន្ទ្រីយ៍ ដូចជាព្រះមហាកច្ចាយនៈនេះ នឹងជាទីស្រឡាញ់ របស់ទេវតាទាំងឡាយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | យស្សិន្ទ្រិយានិ សមថង្គតានិ | អស្សា យថា សារថិនា សុទន្តា |
| បហីនមានស្ស អនាសវស្ស | ទេវាបិ តស្ស បិហយន្តិ តាទិនោ ។ |
👉ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតាទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹង មិនញាប់ញ័រ ។
