អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️៧. រឿង ព្រះកោសម្ពីវាសីតិស្សត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰសាមណេរ របស់ព្រះតិស្សត្ថេរ ដែលនៅក្នុងក្រុងកោសម្ពី លោកបានសម្រេចព្រះឣរហត្តផល និងបដិសម្ភិទា តាំងតែពីឣាយុបាន ៧ ឆ្នាំ ក្នុងខណៈដែលដាក់កាំបិតកោរដល់សិរសា, តែព្រះតិស្សត្ថេរ ដែលជាព្រះឧបជ្ឈាយ៍ លោកនៅជាបុថុជ្ជននៅឡើយ ។
ក្នុងថ្ងៃមួយ ព្រះតិស្សត្ថេរ បាននាំសាមណេរ ទៅគាល់ព្រះ សាស្តា នៅក្រុងសាវត្ថី លុះនិមន្តមកដល់ពាក់កណ្តាលផ្លូវ ក៏ឈប់សម្រាក នៅក្នុងព្រះវិហារមួយ ក្នុងរាត្រីយប់នោះ បានសិងរួមនៅជាមួយនឹងសាមណេរ ដល់យប់ជ្រៅ ព្រះឧបជ្ឈាយ៍ បានសិងលង់លក់ឈឹងតែម្តង ចំណែកឯ សាមណេរ បានគង់ធ្វើសមាធិ នៅក្បែរគ្រែព្រះឧបជ្ឈាយ៍ ។ លុះដល់វេលាជិតភ្លឺ ព្រះឧបជ្ឈាយ៍ នឹកគិតថា “សាមណេរ បានសិងលក់” ទើបយកផ្លិត មកគោះសាមណេរ ឲ្យក្រោកទៅខាងក្រៅ ដើម្បីកុំឲ្យមានទោស ព្រោះកិរិយាសិងរួមគ្នា ។ ពេលនោះ ចុងផ្លិតបានត្រូវភ្នែកសាមណេរខ្វាក់ម្ខាង ។ សាមណេរ ធ្វើដូចជាមិនដឹងខ្លួន ថែមទាំងមិនបានប្រាប់ ឲ្យឧបជ្ឈាយ៍ដឹងផង ។
លុះវេលាព្រឹកឡើង សាមណេរ បានធ្វើវត្តប្រតិបត្តិ ដូចជាប្រក្រតី ។ ព្រះឧបជ្ឈាយ៍ បានឃើញភ្នែកសាមណេរខ្វាក់ម្ខាង ក៏សួរថា “តើភ្នែក កើតឣី សាមណេរ? ” ។ សាមណេរ បានរៀបរាប់រឿងនោះ ឲ្យព្រះឧបជ្ឈាយ៍បានជ្រាប ។ ព្រះឧបជ្ឈាយ៍ បានដឹងរឿងនេះហើយ ក៏មានចិត្តតក់ស្លុតរន្ធត់ យ៉ាងខ្លាំង ហើយបានសុំខមាទោសនឹងសាមណេរ ៗ ក៏បាននិយាយលួងលោម មិនឲ្យព្រះឧបជ្ឈាយ៍ភិតភ័យថា “ទោសរបស់ព្រះគុណម្ចាស់មិនមានទេ នេះ គឺជាទោសរបស់វដ្តៈ ទេតើ ” ។
ព្រះឧបជ្ឈាយ៍ ពេលនិមន្តទៅដល់ក្រុងសាវត្ថីហើយ ក៏បានក្រាបទូលរឿងរ៉ាវនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖
| ៧. | សន្តំ តស្ស មនំ ហោតិ | សន្តា វាចា ច កម្ម ច |
| សម្មទញ្ញា វិមុត្តស្ស | ឧបសន្តស្ស តាទិនោ ។ |
👉ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។
