១០. ព្រះខានុកោណ្ឌញ្ញោត្ថរ

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️១០. រឿង ព្រះខានុកោណ្ឌញ្ញោត្ថរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះខានុកោណ្ឌញ្ញោត្ថរ ។ ថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅបំពេញសមណធម៌ ក្នុងព្រៃមួយ ហើយបានសម្រេចឣរហត្តផល ស្រេចហើយក៏ត្រឡប់មកគាល់ព្រះសាស្តាវិញ ។ ក្នុងរាត្រីនោះ ព្រះថេរៈ បានចូលឈានសមាបត្តិ ក្នុងទីស្ងាត់មួយ ។

ក្នុងពេលជាមួយគ្នានោះ មានពួកចោរ ៥០០ បានទៅប្លន់យកទ្រព្យសម្បត្តិឣ្នកស្រុក បានម្នាក់មួយថង់ៗ ដើរមកឃើញព្រះថេរៈ កំពុងតែគង់ចូលឈានសមាបត្តិ គិតស្មាន ថា “ជាគល់ឈើ” ទើបម្នីម្នាយកថង់ដែលលួចបានមកនោះ ដាក់ត្រួតលើគ្នា សង្កត់នៅពីលើព្រះថេរៈ ។

ព្រះថេរៈ ចូលឈានសមាបត្តិ តាមធម្មតា ។ ពួកចោរក៏បានដេកលក់គ្រប់ៗ គ្នា ក្នុងរាត្រីនោះ ។ លុះព្រឹកឡើង ពួកចោរ បានក្រោកពីដេក ស្រាបតែ់ឃើញព្រះថេរៈ ទើបដឹងថា ជាមនុស្ស ក៏ភ័យខ្លាចហើយ គិតនឹងរត់ ។ តែព្រះថេរៈ បានប្រាប់ចោរ ថា “ឣាត្មាភាព ជាឣ្នកបួសមិនចេះរករឿងបៀតបៀនឣ្នកណាទេ សូមលោកឣ្នកទាំងឣស់គ្នា កុំភ័យខ្លាចឲ្យសោះ” ។ ពួកចោរ មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ យ៉ាងខ្លាំង ហើយបានសុំទោសចំពោះព្រះថេរៈ ក្រោយមក បានបួសជាភិក្ខុទាំងឣស់គ្នា ក្នុងសំណាក់ព្រះថេរៈ ។ ព្រះថេរៈ បាននាំ ទៅគាល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងនូវធម្មីកថា ប្រកាសនូវគុណ របស់លោកឣ្នកមានបញ្ញាទាំងឡាយ ហើយត្រាស់ព្រះគាថានេះថា ៖

១២.យោ  ច  វស្សសតំ  ជីវេទុប្បញ្ញោ  អសមាហិតោ
ឯកាហំ  ជីវិតំ  សេយ្យោបញ្ញវន្តស្ស  ឈាយិនោ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី