សហស្សវគ្គ
មាន១៤រឿង – ១៦គាថា
☸️១១. រឿង ព្រះសប្បទាសត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសប្បទាសត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានចិត្តប្រាថ្នាចង់លា ចាកសិក្ខាបទ តែបានត្រឡប់មកគិត ជាថ្មី ថា “បើឣាត្មាឣញ ស្លាប់ ក្នុងភេទជាព្រះសង្ឃនេះ ជាការប្រសើរជាង” ។ សម័យថ្ងៃមួយ ព្រះថេរៈ បានឃើញពួកភិក្ខុ កំពុងតែចាប់ពស់វែកដំបូក ដើម្បីយកទៅលែងចោល ទើបប្រាប់ភិក្ខុទាំងនោះ ថា “មិនថ្វីទេ ចាំខ្ញុំយកពស់នោះ ទៅលែងចោល” ហើយលូកដៃចូលទៅក្នុងឆ្នាំង ដើម្បីឲ្យពស់នោះចឹកខ្លួនស្លាប់ ។ តែពស់នោះ មិនចឹកព្រះថេរៈសោះ ។ ក្រោយមក ព្រះថេរៈ បានញាត់ម្រាមដៃចូលទៅ ក្នុងមាត់ពស់ តែពស់មិនខាំទៀត ។ ព្រះថេរៈ នឹកស្មានថា “ជាពស់ដែលគ្មានពិស” ហើយយកវាទៅលែងចោល ក្នុងព្រៃបាត់ទៅ ។ ក្រោយមកទៀត ព្រះថេរៈ បានយកកាំបិតកោរមក ដើម្បីឣារ-ក សម្លាប់ខ្លួនឯង ហើយយក-ក ទៅពាក់នឹងដើមឈើ ដាក់មុខកាំបិតកោរលើ-ក ប្រារឰកម្មដ្ឋាន ព្រមជាមួយគ្នានោះផងដែរ ហើយក៏បានសម្រេចនូវ ឣរហត្តផល ក្នុងថ្ងៃនោះឯង ។
ភិក្ខុទាំងឡាយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ប្រកាសគុណ របស់លោកឣ្នកដែលមានសេចក្តីព្យាយាម ហើយត្រាស់ព្រះគាថានេះថា ៖
| ១៣. | យោ ច វស្សសតំ ជីវេ | កុសីតោ ហីនវីរិយោ |
| ឯកាហំ ជីវិតំ សេយ្យោ | វីរិយំ អារភតោ ទឡ្ហំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល (មានចិត្តងុលងប់ក្នុងអកុសលវិតក្ក) មានព្យាយាមថោកថយឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
