១. ចូឡេកសាដកព្រាហ្មណ៍

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️១. រឿង ចូឡេកសាដកព្រាហ្មណ៍

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចូឡេកសាដកព្រាហ្មណ៍ ជាឣ្នកកំសត់ទុគ៌តខ្លាំងណាស់ ។ ព្រាហ្មណ៍នោះ មានតែសំពត់សាដកមួយសម្រាប់ស្លៀកដណ្តប់ ផ្លាស់គ្នាពីរនាក់ប្តីប្រពន្ធ តែគាត់ជាឣ្នកមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងព្រះពុទ្ធសាសនា តែងតែទៅស្តាប់ព្រះធម៌ទេសនា របស់ព្រះពុទ្ធឣង្គ ជារៀងរាល់យប់ថ្ងៃ, ព្រោះគាត់មានសំពត់តែមួយ សម្រាប់ប្រើពីរនាក់ប្តីប្រពន្ធ ទើបឲ្យប្រពន្ធ ទៅស្តាប់ធម៌ទេសនា នៅវេលាថ្ងៃ ចំណែកខ្លួនឯង ជាប្តី ទៅស្តាប់ធម៌ទេសនា នៅវេលាយប់ ។ រាត្រីយប់មួយនោះ ចូឡេកសាដកព្រាហ្មណ៍ ជាប្តី បានទៅ ស្តាប់ព្រះធម៌ទេសនា ជាមួយនឹងពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទ បសេនទិកោសលជាដើម ក្នុងពេលដែលកំពុងស្តាប់ព្រះធម៌ទេសនា ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំងក្លា ប្រាថ្នាចង់បូជាព្រះធម៌ទេសនា ដោយគ្រឿងសក្ការៈអ្វីមួយ តែគាត់មិនមានវត្ថុអ្វី ក្រៅតែឣំពីសំពត់ សាដក ដែលគាត់ដណ្តប់នៅជាប់នឹងខ្លួន តាំងតែពីបឋមយាម គាត់ស្តាប់ផង សញ្ជឹងគិតផង ថា “ឣាត្មាឣញ មានសំពត់ដណ្តប់តែមួយគត់ សម្រាប់ប្រើតែពីរនាក់ប្តីប្រពន្ធ បើឣាត្មាឣញ យកសំពត់សាដកនេះ ទៅបូជាព្រះធម៌ទេសនា ខ្លួនឣញជាប្រុសមិនជាអ្វីទេ តែភរិយារបស់ឣញគ្នាជាស្រីផង មុខជាគ្មានអ្វីដណ្តប់ឡើយ នឹងចេញទៅខាង ក្រៅផ្ទះ ក៏ពុំបានថែមទៀតផង” ។

តាមចិត្តសទ្ធាជ្រះថ្លាដ៏ខ្លាំងក្លានោះ គាត់ចង់បូជាសំពត់សាដកនោះ ឲ្យខានតែបាន តែចិត្តសទ្ធាជ្រះថ្លា មានតែមួយគត់ ឯចិត្តដែលកំណាញ់ មានដល់ទៅមួយពាន់ ដែលមកគ្របសង្កត់ចិត្តសទ្ធាមួយនោះ ។ ចិត្តទាំងពីរនោះ បានប្រឆាំងច្បាំងគ្នាយ៉ាងខ្លាំង, ចិត្តសទ្ធា គិតថាបូជា, ឯចិត្ត ដែលកំណាញ់ គិតថា កុំឲ្យបូជា ។ គាត់គិតតែក្នុងចិត្ត ឥតមានឣ្នកណាម្នាក់ដឹងឡើយ ។

ក្នុងបច្ឆិមយាម ដោយចិត្តសទ្ធាមានតែមួយ តែជាចិត្តដែលមានកម្លាំងខ្លាំងក្លា ជាងចិត្តដែលកំណាញ់, នៅទីបំផុត ចិត្តសទ្ធា ក៏បានយកជ័យជំនះ លើចិត្តដែលកំណាញ់ ។ កាលបើចិត្តសទ្ធា ឈ្នះហើយ ចូឡេកសាដកព្រាហ្មណ៍ ក៏បានស្រែកភ្លាត់មាត់ថា “ជិតំ មេៗ ! ឣាត្មាឣញឈ្នះហើយៗ ! ” យ៉ាងដូច្នេះ ។

ពេលនោះ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបហើយ ទ្រង់មានព្រះទ័យជ្រះថ្លាយ៉ាងក្រៃលែង ទ្រង់បានព្រះរាជបញ្ជាឲ្យឣាមាត្យ យកសំពត់ និង ទ្រព្យសម្បត្តិជាច្រើន មកព្រះរាជទាន ដល់ចូឡេកសាដកព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ បានឡើងយសស័ក្តិ ជាគហបតី មានទ្រព្យសម្បត្តិជាច្រើន ដោយសារតែចិត្តសទ្ធាខ្លាំងក្លា បានច្បាំងឈ្នះចិត្តកំណាញ់នេះឯង ។

ភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នានិយាយពីរឿងចូឡេកសាដកព្រាហ្មណ៍ ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “បើព្រាហ្មណ៍នេះ បានយកសំពត់សាដកទៅ បូជាព្រះធម៌ទេសនា តាំងតែពីបឋមយាម, គាត់ នឹងបានទ្រព្យសម្បត្តិ ច្រើនជាងនេះទៅទៀត” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.អភិត្ថរេថ  កល្យាណេបាបា  ចិត្តំ  និវារយេ
ទន្ធំ  ហិ  ករតោ  បុញ្ញំបាបស្មឹ  រមតី  មនោ  ។

👉បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែង​ត្រេកអរក្នុងបាប ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ