៩. នាយកោកសុនខលុទ្ធកៈ

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️៩. រឿង នាយកោកសុនខលុទ្ធកៈ

ព្រះបរមសាស្តាទ្រង់ប្រារឰនាយព្រានសុនខ ឈ្មោះកោកៈ ។ ថ្ងៃមួយ ព្រាននោះ បានបណ្តើរហ្វូងឆ្កែទៅដេញសត្វក្នុងព្រៃ, ថ្ងៃនោះឯង គាត់ រកសត្វសូម្បីតែសត្វមួយ ក៏មិនបានដែរ ដើរទៅ ដើរមក ស្រាប់តែឃើញភិក្ខុមួយរូប ទើបគិត ថា “ថ្ងៃនេះ ឣញ រកសត្វមិនបានសោះ ព្រោះតែឣញបានចួបនឹងមនុស្ស ឣាក្រក់កាឡកិណី នេះឯង” ហើយក្រោធខឹង យ៉ាងខ្លាំង នឹងភិក្ខុរូបនោះ គាត់ ក៏បានបង្អៅ ឆ្កែ ឲ្យដេញខាំ (នូវភិក្ខុនោះ) ។

ភិក្ខុ រូបនោះ បានរត់ឡើងទៅលើដើមឈើ ដើម្បីកុំឲ្យឆ្កែវាខាំ បាន ។ នាយព្រានព្រៃ បានដេញតាមមកទាន់ ឃើញនូវភិក្ខុរូបនោះឡើងដើមឈើ ក៏យកលំពែងចាក់បាតជើងលោក ។ ភិក្ខុរូបនោះ បានឣង្វរករព្រានព្រៃ ជាច្រើនដងដដែលៗ ។ តែព្រានព្រៃចិត្តបាបចង្រៃមិនព្រមស្តាប់ពាក្យ របស់លោកឡើយ រឹតតែពីចាក់បាតជើង ខ្លាំងជាមុនទៅទៀត ។ គ្រានោះឯង ចីពរ របស់ភិក្ខុ រូបនោះ បានរបូត ធ្លាក់ចុះមកក្រោម គ្របលើខ្លួននាយព្រានព្រៃនោះ ។ ហ្វូងឆ្កែ បានឃើញចីពរធ្លាប់មកគ្រប លើម្ចាស់ហើយ វាស្មានថា “ភិក្ខុរូបនោះ បានធ្លាក់មក ឣំពីលើដើមឈើ” ក៏ស្ទុះបោល ចូលទៅខាំក្រញ៉ីម្ចាស់ខ្លួនឯង ស្លាប់ ក្នុងពេលនោះឯង ។

ភិក្ខុរូបនោះ បានឃើញឆ្កែខាំម្ចាស់ស្លាប់ហើយ ក៏បានបង្អើលដេញហ្វូងឆ្កែ ឲ្យបោលរត់ចេញពីទីនោះទៅ ។ ឆ្កែ ផ្អើលរត់ចេញបាត់ទៅហើយ ។

ភិក្ខុរូបនោះ បានចុះមកពីលើដើមឈើ មានសេចក្តីសង្ស័យថា តើសីលរបស់ឣាត្មាឣញ ដាច់ ឬក៏ មិនដាច់?” ដូច្នេះហើយ ក៏ បានចូលទៅ ក្រាបថ្វាយបង្គំ ទូលសួរចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ ថា “សីលរបស់ឣ្នក មិនដាច់ទេ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិសុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំសុខុមោ រជោ បដិវាតំវ ខិត្តោ  ។

👉បុគ្គលណា​ ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប​ ជាសត្វស្អាត​ មិនមានកិលេសដូចជាទីទួល​ បាបរមែងត្រឡប់មករក​បុគ្គលពាលនោះវិញដូចធូលីល្អិត​ ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ