១០. ព្រះបិលោតិកត្ថេរ

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️១០. រឿង ព្រះបិលោតិកត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបិលោតិកត្ថេរ ។ ពេលដែលព្រះថេរៈ មិនទាន់បានបួសនោះ លោកស្លៀកសំពត់ចាស់ដាច់ដាច កាន់ត្រឡោកដូង ដើរសុំទានគេ ចិញ្ចឹមជីវិត ។ ព្រះឣានន្ទ បានបបួលមកបួស ក្នុងព្រះពុទ្ធសាសនា ។ លុះលោកបួសហើយ បានយកសំពត់ ដែលខ្លួនធ្លាប់ស្លៀកពាក់ ក្នុងពេលដែលនៅជាគ្រហស្ថនោះ មកឈ្លីសាកល្បងមើល ទើបឃើញថា មិនឣាចនឹងយកមកត្រងទឹកបានឡើយ ហើយ ក៏យកសំពត់នោះ ទៅពាក់លើមែកឈើមួយ ពេលណា លោកចង់សឹក ពោលនោះ ក៏បាននិមន្តទៅទីកន្លែងនោះ ដើម្បីនឹងឣប់រំទូន្មានខ្លួន លុះឈប់ចង់សឹកហើយ ទើបបានវិលត្រឡប់មកវិញ ។

ភិក្ខុទាំងឡាយ បានឃើញនូវព្រះថេរៈ និមន្តទៅកាន់ទីនោះជា រឿយៗ ក៏បានដណ្តឹងសួរថា “នែលោកម្ចាស់ តើលោកម្ចាស់ និមន្តទៅវិញទៅមកកាន់ទីនោះ ព្រោះមានហេតុអ្វីដែរ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំព្រះករុណា ទៅរកឣាចារ្យរបស់ខ្ញុំព្រះករុណា” ។ ក្រោយមក ព្រះថេរៈ បានសម្រេចនូវព្រះឣរហត្តផល ។ ពួកភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ថា “ឥឡូវនេះ ម្តេចក៏លោកម្ចាស់មិនទៅរកឣាចារ្យ ដូចពេលមុនទៀត?” ។

ព្រះថេរៈ ឆ្លើយថា “ឥឡូវនេះ ខ្ញុំព្រះករុណា មិនបានជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះទៀតហើយ ហេតុនេះ បានជាខ្ញុំមិនទៅរកលោកឣាចារ្យនោះ ដូចជាពេលមុន” ។ ភិក្ខុទាំងឡាយបានទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាថា “ព្រះថេរៈ ពោលឣួតនូវ ព្រះឣរហត្តផល” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវរឿងពិត ដល់ភិក្ខុទាំងនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

១៥.ហិរិនិសេធោ  បុរិសោកោចិ  លោកស្មិ  វិជ្ជតិ
យោ  និទ្ទំ  អបពោធេតិអស្សោ  ភទ្រោ  កសាមិវ  ។

👉បុរសអ្នកកម្ចាត់​បង់​នូវ​អកុសលវិតក្ក​ ដោយ​សេចក្តី​ខ្មាស​បាប​ មានតិច​ក្នុង​លោក​ បុគ្គល​ណា​បន្ទោបង់​នូវ​ការ​ដេក​លក់​ ដូចសេះ​ល្អ​មិន​ឲ្យ​រំពាត់​ត្រូវ​ខ្លួន​ បុគ្គល​នោះ​ រក​បាន​ដោយក្រ ។

១៦.អស្សោ  យថា  ភទ្រោ  កសានិវិដ្ឋោអាតាបិនោ  សំវេគិនោ  ភវាថ
សទ្ធាយ  សីលេន  ច  វីរិយេន  ចសមាធិនា  ធម្មវិនិច្ឆយេន  ច
សម្បន្នវិជ្ជាចរណា  បតិស្សតាបហស្សថ  ទុក្ខមិទំ  អនប្បកំ  ។

👉សេះ​ល្អ​ ដែល​នាយ​សារថី​ទូន្មាន ដោយ​រំពាត់​ តក់​ស្លុត​យ៉ាង​ណា អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​ព្យាយាម​ មាន​សេចក្តី​តក់​ស្លុត​ យ៉ាង​នោះ​ឯង​ បើ​អ្នក​ទាំង​ឡាយ​ ប្រកប​ព្រម​ដោយ​សទ្ធាផង​ សីល​ផង ព្យាយាម​ផង​ សមាធិផង​ និង​ធម្មវិនិច្ឆ័យ​ផង​ ជា​អ្នក​មាន​វិជ្ជា និង​ចរណៈ​ដ៏បរិបូណ៌ មាន​ស្មារតី​តម្កល់មាំ​​ រមែង​លះ​បង់​ទុក្ខ​ មាន​ប្រមាណ​ច្រើននេះ​ បាន​មិន​ខាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ