៨. បឋមពោធិ

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៨. រឿង បឋមពោធិ

ព្រះបរមសាស្តា ទ្រង់ប្រារឰការទូលសួរ របស់ព្រះឣានន្ទត្ថេរ ។ នៅពេលដែលព្រះឣង្គទ្រង់ប្រថាប់គង់ នៅក្រោមដើមមហាពោធិព្រឹក្ស ទ្រង់ផ្ចាញ់នូវពួកមារ ព្រមទាំងសេនាមារ ឲ្យបរាជ័យ ចុះចាញ់ទាំងឣស់ ក្នុងពេលដែលព្រះឣាទិត្យឣស្តង្គត, ក្នុង​បឋមយាម ទ្រង់បានកំចាត់​នូវឣន្ធការ​គឹសេចក្តីងងឹត ដែលបិទបាំងនូវបុព្វេនិវាសានុស្សតិញាណ ក្នុងមជ្ឈិមយាម​ទ្រង់បានជម្រះនូវទិព្វចក្ខុញាណឲ្យបរិសុទ្ធ ក្នុងបច្ឆិមយាម​ទ្រង់ផ្សាយព្រះមហាករុណាគុណទៅ​ក្នុងពួកសត្តនិករទាំងឡាយ ឲ្យព្រះញាណធ្លាក់ចុះទៅ​ក្នុងបច្ចយាការ ទ្រង់ព្រះពិចារណា​នូវបច្ចយាការនោះ ដោយឣំណាចនៃឣនុលោម និង បដិលោម, លុះពេលជិតភ្លឺ ព្រះឣង្គ​ក៏បានត្រាស់ដឹងនូវព្រះសម្មាសម្ពោធិញាណ ព្រមទាំងហេតុដ៏ឣស្ចារ្យជាច្រើនប្រការ ទ្រង់ត្រាស់នូវព្រះឧទានវាចា​ដែលព្រះពុទ្ធជាច្រើនសែនឣង្គ មិនដែលលះបង់ចោលឡើយ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ​ថា ៖

៨.អនេកជាតិសំសារំសន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោទុក្ខា ជាតិ បុនប្បុនំ ។

👉កាលតថាគតមិនទាន់បានជួបប្រទះ ( ព្រះពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហាអ្នក​ធ្វើ​ផ្ទះ គឺ​អត្តភាព​ ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។

៩.គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គាគហកូដំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំតណ្ហានំ ខយមជ្ឈគា ។

👉នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត​មិន​បាន​ឡើយ​ ឆ្អឹង​ជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាស​ហើយ តថាគត​បានដល់​ធម៌ ជា​គ្រឿង​ក្ស័យ​តណ្ហាទាំង​ឡាយ​ហើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ