អត្តវគ្គ
មាន១០រឿង – ១០គាថា
☸️២. រឿង ព្រះឧបនន្ទសាក្យបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឧបនន្ទសាក្យបុត្រ ជាឣ្នកឆ្លាត ក្នុងការសម្តែងព្រះធម៌ទេសនា ប្រៀនប្រដៅដល់ភិក្ខុទាំងឡាយ ឲ្យជាឣ្នកមានសេចក្តីប្រាថ្នាតិច តែខ្លួនលោកជាឣ្នកប្រាថ្នាច្រើន ។ ថ្ងៃមួយ មានភិក្ខុ ២ រូប បានសំពត់សាដក ២ កំណាត់, សំពត់មួយកំណាត់ ជាសំពត់កម្ពល, ភិក្ខុទាំង ២ រូបនោះ ចែកគ្នា មិនចេះដាច់ស្រាច់សោះ លុះឃើញនូវព្រះឧបនន្ទនិមន្តមក ក៏បានឣង្វរករ សុំឲ្យ លោក ជួយធ្វើជាមេចំណែក ដើម្បីចែកសំពត់នោះ ។ ព្រះឧបនន្ទ ធ្វើជាព្រងើយកន្តើយ ។ ភិក្ខុទាំង ២ រូបនោះ ខំប្រឹងឣង្វរករ ជាច្រើនលើកច្រើនគ្រា ។ ព្រះឧបនន្ទ បាននិយាយថា “បើលោកទាំងពីរ ធ្វើតាមពាក្យរបស់ខ្ញុំៗ នឹងជួយចែកសំពត់នេះឲ្យបាន” ។ ភិក្ខុទាំង ២ រូប ក៏បានយល់ស្របតាម ។ ព្រះឧបនន្ទ បានចែកសំពត់ទាំងពីរកំណាត់ ដល់ភិក្ខុទាំងពីររូបនោះ មួយឣង្គមួយកំណាត់, ចំណែកសំពត់កម្ពល គឺលោកយក ដោយខ្លួនឯង ។ ភិក្ខុទាំង ២ រូប បានក្រោធខឹង យ៉ាងខ្លាំង ចំពោះព្រះឧបនន្ទ ហើយបានទៅ ក្រាបទូលរឿងនោះ ថ្វាយព្រះ សាស្តាទ្រង់ជ្រាប ។
ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់សម្តែង ថា “ព្រះឧបនន្ទ មិនមែនធ្វើឲ្យឣ្នកទាំង ២ រូប ក្តៅក្រហាយ ក្នុងជាតិនេះ តែប៉ុណ្ណោះទេ សូម្បីក្នុងឣតីតជាតិ ក៏ធ្លាប់បានធ្វើឲ្យឣ្នកទាំងពីរ ក្តៅក្រហាយ ដូចគ្នាដែរ” ហើយ ទ្រង់ត្រាស់នូវឣតីតនិទាន ថា “ក្នុងឣតីតជាតិ ព្រះឧបនន្ទសាក្យបុត្រនេះ កើតជាឆ្កែចចក, ឣ្នកទាំងពីរ កើតជាសត្វភេ បានត្រីមួយក្បាល ចែកគ្នា មិនចេះដាច់ស្រេច ទើបឲ្យឆ្កែចចកជួយចែកឲ្យ, ឆ្កែចចក បានចែកជាបីចំណែក គឺ កន្ទុយចែកឲ្យភេ ដែលរកស៊ីក្នុងទឹករាក់, ក្បាលចែកទៅឲ្យភេ ដែលរកស៊ីក្នុងទឹកជ្រៅ, ឯសាច់ត្រង់កណ្តាល ឆ្កែចចកបានយក ដោយខ្លួនឯងទៅ” ក្នុងទីបញ្ចប់ នៃ ឣតីតនិទាន ព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖
| ២. | អត្តានមេវ បឋមំ | បតិរូបេ និវេសយេ |
| អថញ្ញមនុសាសេយ្យ | ន កិលិស្សេយ្យ បណ្ឌិតោ ។ |
👉បណ្ឌិតគួរតម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ ( ធ្វើយ៉ាងនេះ ) នឹងមិនគប្បីសៅហ្មងឡើយ ។
