៤. មាតារបស់កុមារកស្សបៈ

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️៤. រឿង មាតារបស់កុមារកស្សបៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់ព្រះកុមារកស្សបៈ ដែលជាធីតារបស់សេដ្ឋី ក្រុងរាជគ្រឹះ ។ មាតា របស់កុមារកស្សបៈ នាងមាននិស្ស័យ ក្នុងបព្វជ្ជា តាំងតែពីពេលដែលនាងនៅក្មេងខ្ចីមកម៉្លេះ នាង បានសុំមាតាទៅបួស ជារឿយៗ តែមាតានាង មិនព្រម ឣនុញ្ញាត ឲ្យនាងទៅសោះ លុះនាងមានវ័យពេញក្រមុំហើយ ក៏មានស្វាមី តមក នាងមានផ្ទៃពោះ តែនាងមិនបានដឹងខ្លួនសោះ ហើយក៏បានសុំលាស្វាមីទៅបួស ។ ស្វាមី ក៏បានឣនុញ្ញាត ឲ្យនាងទៅបួស តាមសេចក្តីប្រាថ្នា ។ នាងបានបួស ក្នុងសំណាក់នៃនាងភិក្ខុនី ដែលត្រូវជាបក្សពួក នៃភិក្ខុទេវទត្ត ។

ចំណេរកាលក្រោយមក នាងក៏មានផ្ទៃពោះរឹតតែធំឡើងៗ ។ ភិក្ខុ ទេវទត្ត បានដឹងរឿងនេះហើយ ក៏បានប្រាប់ឲ្យនាងលាចាកសិក្ខាបទ ។ នាង បាននិយាយប្រាប់ថា “នាងខ្ញុំ មិនបានបួសឧទ្ទិសចំពោះព្រះទេវទត្ត ទេ គឺបួសឧទ្ទិស ចំពោះព្រះសម្មាសម្ពុទ្ធទេតើ” ។ ពួកភិក្ខុនី បាននាំនាង ទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់បញ្ជា ឲ្យហៅត្រកូលធំៗ មាន ឣនាថបិណ្ឌិកសេដ្ឋី និង នាងវិសាខាមហាឧបាសិកា ជាដើម ឲ្យជួយពិចារណា ថា “តើនាងមានផ្ទៃពោះ តាំងតែពីត្រឹមណាមក?” ។ នាងវិសាខា បានមើលថ្ងៃខែទៅ ក៏បានដឹងជាក់ច្បាស់ ថា “នាង មានផ្ទៃពោះ តាំងតែពីនាងមិនទាន់បួសមកម៉្លេះ នាង មិនមានទោសកំហុសអ្វីទេ” ។

ក្រោយមក លុះដល់នាងមានផ្ទៃពោះគ្រប់ខែហើយ ក៏បានសម្រាលកូនប្រុសមួយ ។ ព្រះបាទបសេនទិកោសល ទ្រង់យកកុមារនោះ ទៅចិញ្ចឹមហើយ ទ្រង់បានប្រទាននាមថា កុមារកស្សបៈ ។ លុះកុមារនោះ ធំដឹងក្តី ហើយបានទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសសនា បានស្តាប់នូវបញ្ហាព្យាករណ៍ អំពីសំណាក់នៃព្រះសាស្តា ហើយបានសម្រេចព្រះឣរហត្តផល ។ ចំណែកនាងភិក្ខុនីដែលជាមាតា ចាប់តាំងពីមានកូនមក មួយថ្ងៃៗ មិនដែលបានធ្វើអ្វីសោះ គិតតែពីស្រែយំ នឹកដល់កូន ឥតមានពេលភ្លេច ។ ថ្ងៃមួយ នាងភិក្ខុនីបានជួបនឹងព្រះកុមារកស្សបៈ លោកកំពុងតែនិមន្ត ទ្រង់បាត្រ ដូចគ្នាដែរ ហើយបានរត់ស្ទុះទៅ ដើម្បីនឹងចាប់ តែបានដួលជាមុន ។ ព្រះកុមារកស្សបៈ បានគិត ថា “បើញោមស្រី នឹងបានស្តាប់នូវពាក្យដ៏ពីរោះ ឣំពីសំណាក់របស់ខ្លួនហើយ ក៏នឹងវិនាសសាបសូន្យ ឣំពីមគ្គផល” ហើយ ក៏បាននិយាយពាក្យមិនពីរោះស្តាប់ ទៅកាន់ញោមស្រី ។ នាងភិក្ខុនីដែលជាមាតា បានស្តាប់ឮពាក្យមិនគប្បីដូច្នេះហើយ ក៏ឣស់សេចក្តីឣាឡោះឣាល័យ ចំពោះកូនហើយ បានសម្រេចព្រះឣរហត្តផល ក្នុងថ្ងៃនោះឯង ។ ភិក្ខុទាំង ឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.អត្តា ហិ អត្តនោ នាថោកោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេននាថំ លភតិ ទុល្លភំ ។

👉ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹង​ដូចម្ដេចបាន ព្រោះបុគ្គល​អ្នកមាន​ខ្លួន​ហ្វឹកហ្វឺន​ល្អហើយ រមែង​បាន​នូវទីពឹង ដែលគេរកបានដោយកម្រ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ