លោកវគ្គ
មាន១១រឿង – ១១គាថា
☸️៥. រឿង ព្រះសម្មជ្ជនត្ថេរ
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះសម្មជ្ជនត្ថេរ ជាឣ្នកឧស្សាហ៍ខាងបោសសំឣាតវត្តឣារាម ជារៀងរាល់ថ្ងៃ មិនបានគិតថា វេលាព្រឹក ឬ ល្ងាចឡើយ ។
សម័យថ្ងៃមួយ ព្រះថេរៈ កំពុងតែបោសសំឣាតវត្ត បាន ឃើញព្រះរេវតៈ គង់ក្នុងទីសម្រាកពេលថ្ងៃត្រង់ ក៏បានតិះដៀលព្រះរេវតៈ ថា “ភិក្ខុរូបនេះ ខ្ជិលច្រឣូសខ្លាំងណាស់ មិនគិតធ្វើនូវការងារអ្វីសោះ ឆាន់ចង្ហាន់ដែលទាយកទាយិកាប្រគេន ដោយសទ្ធាហើយ មកគង់ធ្វើព្រងើយ មិនគិតជួយបោសសំឣាតវត្តឣារាមសោះ” ។
វេលាថ្ងៃមួយ ព្រះរេវតៈ បានឲ្យឱវាទថា “ការបោសសំឣាត វត្តឣារាមនេះ ជាការល្អប្រពៃមែនហើយ តែត្រូវចេះចែកពេលវេលាខ្លះផង ដើម្បីពិចារណានូវឣាការ ៣២ ប្រការ ហើយកំណត់ការរលត់ឣស់ទៅ និង ការវិនាសទ្រុឌទ្រោមទៅ នៃឣត្តភាពរាងកាយផង ទើបសមគួរ” ។
ព្រះសម្មជ្ជនត្ថេរ បានតាំងចិត្តស្តាប់នូវឱវាទ របស់ព្រះរេវតៈ ដោយសេចក្តីគោរព មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។
ទីវត្តឣារាម កាលបើព្រះថេរៈ មិនបានបោសសំឣាត រៀងរាល់ថ្ងៃ ដូចជាពេលមុនៗ ក៏មានតែសម្រាមស្លឹកឈើ ជ្រុះពាសពេញ មិនជាទីរីករាយសប្បាយចិត្តឣ្នកផងទាំងឡាយ ។
ភិក្ខុទាំងឡាយ ឃើញដូច្នោះហើយ ក៏បានសួរព្រះសម្មជ្ជនត្ថេរ ថា “ឥឡូវនេះ ហេតុដូចម្តេចបានជាព្រះគុណម្ចាស់មិនគិតបោសសំឣាតវត្ត ដូចជាពេលមុនៗ ទៀត?” ។ ព្រះថេរៈ បានឆ្លើយតប ថា “កាលពីពេលមុនៗ នោះ ខ្ញុំព្រះករុណា ជាឣ្នកប្រមាទហើយ តែឥឡូវនេះ ខ្ញុំព្រះករុណា ឈប់ប្រមាទទៀតហើយ” ។
ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត នូវព្រះឣរហត្តផល” ហើយក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹម ត្រូវហើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | ឯថ បស្សថិមំ លោកំ | ចិត្តំ រាជរថូបមំ |
| យត្ថ ពាលា វិសីទន្តិ | នត្ថិ សង្គោ វិជានតំ ។ |
👉អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។
