៩. នាងចិញ្ចមាណវិកា

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៩. រឿង នាងចិញ្ចមាណវិកា

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចិញ្ចមាណវិកា ។ នាងចិញ្ចមាណវិកានេះ បានចូលដៃជើង រួមគំនិតជាមួយគ្នានឹងពួកតិរ្ថិយទាំងឡាយ ដែលមានសេចក្តីច្រណែន នឹងព្រះសាស្តា នាងបានធ្វើដូចជាស្រីដែលមានផ្ទៃពោះ គឺបានយកឈើមករុំធ្វើជាកូន ចងជាប់នឹងពោះ ហើយយកសំពត់មករុំព័ទ្ធពីខាងក្រៅ យកឈើដំដៃជើងឲ្យហើមប៉ោង ធ្វើឲ្យដូចជាស្រីដែលជិតនឹងសម្រាលកូន ហើយបានចូលទៅចោទ មួលបង្កាច់ព្រះសាស្តា ដែលព្រះឣង្គកំពុងតែសម្តែងធម៌ទេសនា ក្នុងទីប្រជុំជនជាច្រើន ថា “នែមហាសមណៈ ព្រះឣង្គ ទ្រង់ជ្រាបបានតែខាងឣភិរម្យសប្បាយ រួមស្នេហាជាមួយនឹងនាងខ្ញុំប៉ុណ្ណោះ តែមិនជ្រាបនូវការថែរក្សាគភ៌ ដល់នាងខ្ញុំសោះ បានតែទេសនា ប្រដៅឣ្នកដទៃប៉ុណ្ណោះឯង” ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “នែប្អូនស្រី មានតែយើងទាំងពីរនាក់ទេ ដែលឣាចដឹងរឿងដែលពិត ឬ មិនពិតបាន” ។ នាងចិញ្ចមាណវិកា ឆ្លើយតបថា “នែមហាសមណៈ រឿងនោះ គឺយ៉ាងដូច្នោះឯង” ។

គ្រានោះឯង សេចក្តីក្តៅក្រហាយ ក៏បានកើតឡើង ដល់ព្រះឥន្ទ្រាធិរាជៗ ទ្រង់ជ្រាបច្បាស់ហើយ ទ្រង់យាងចុះមក ប្រែក្រឡាខ្លួនធ្វើជាកណ្តុរ ចូលទៅកាត់ខ្សែ ដែលនាងចងរុំព័ទ្ធពោះនោះ ឲ្យដាច់ធ្លាក់ចុះក្រោម ធ្វើខ្យល់ឲ្យបក់សំពត់ រសាត់ប៉ើងឡើងទៅលើ ។

ពួកមហាជន បានដឹងនូវរឿងពិត ដូច្នេះហើយ ក៏ក្រោធខឹង នឹងនាងចិញ្ចមាណវិកា យ៉ាងខ្លាំង ហើយចូលទៅចាប់នាង វាយធ្វើបាប ជេរស្តី ដោយប្រការផ្សេងៗ ហើយបានបណ្តេញ ឲ្យនាងចេញឣំពីទីនោះទៅ ។ ក្នុងពេលដែលនាងចិញ្ចមាណវិកា បានចេញផុត ឣំពីទីប្រជុំនោះភ្លាម, ប្រឹថពី បានស្រូបយកនាងទៅដាក់ក្នុងឣវិចីនរក ឥតបង្អង់ឡើយ ។ ភិក្ខុទាំងឡាយបានសន្ទនាគ្នាឣំពីរឿងនាងចិញ្ចមាណវិកា ។

ព្រះសាស្តាទ្រង់យាងមកក្នុងទីប្រជុំនោះ ត្រាស់គាថានេះថា ៖

៩.ហំសា អាទិច្ចបថេ យន្តិអាកាសេ យន្តិ ឥទ្ធិយា
និយ្យន្តិ ធីរា លោកម្ហាជេត្វា មារំ សវាហិនឹ ។

👉ពួកហង្ស​ តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ​ អ្នកមានឫទ្ធិ​ តែងហោះទៅក្នុងអាកាស​ ដោយឫទ្ធិ​ អ្នកប្រាជ្ញ​ផ្ចាញ់​កិលេសមារ​ ព្រមទាំងវាហនៈ​ គឺតណ្ហាបានហើយ​ រមែងរលាស់ខ្លួនចេញចាក​លោក​បាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ