១. មារធីតា

ពុទ្ធវគ្គ

មាន៩រឿង – ១៨គាថា

☸️១. រឿង មារធីតា

ព្រះបរមសាស្តា ទ្រង់ប្រារឰនាងតណ្ហា ឣរតី និង នាងរាគាដែលជាធីតា របស់ស្តេចមារឈ្មោះវសវតី ។ ស្តេចមារវសវតីនេះ ចាំរារាំងបៀតបៀនដល់ព្រះសាស្តា តាំងតែពីពេលដែលព្រះឣង្គ នៅជាព្រះមហាពោធិសត្វ ទ្រង់លះបង់ចោលនូវរាជ្យសម្បត្តិ ទ្រង់ឡើងគង់នៅលើខ្នងសេះកណ្ឌកៈ មាននាយឆន្នឣាមាត្យជាសំឡាញ់ ស្តេចចេញ ឣភិនេស្ក្រមណ៍ ពេលនោះ មានមារមកឈរចាំរារាំង នៅមាត់ទ្វារព្រះនគរ ហាមឃាត់ថា “នែសិទ្ធត្ថកុមារ ចូរត្រឡប់ទៅវិញចុះ នៅតែ ៧ ថ្ងៃទៀតទេ សម្បត្តិចក្ររតនៈ នឹងកើតមាន ដល់ឣ្នកហើយ ឣ្នកនឹងបានឡើងសោយរាជ្យ ជាស្តេចចក្រពត្រាធិរាជ” ។

ព្រះឣង្គ ទ្រង់ត្រាស់តបវិញ ថា “យើង ក៏ដឹងដូចគ្នាដែរ តែយើងមិនប្រាថ្នាចង់បានជាស្តេចចក្រពត្រាធិរាជនោះទេ” ។ ចាប់តាំពីពេលនោះមក ស្តេចវសវតីមារ បានព្យាយាមចាំមើលកំហុសរបស់ព្រះឣង្គ ដើម្បីនឹងរករឿងប្រទូស្តរ៉ាយ បៀតបៀនព្រះឣង្គ ឣស់រយៈពេល ៧ ឆ្នាំ ។

ចំណែកព្រះពោធិសត្វ លុះស្តេចយាងចេញទៅបព្វជ្ជាហើយ ទ្រង់បំពេញនូវទុក្ករកិរិយា យ៉ាងតឹងតែងជាទីបំផុត តែពុំឣាចបានសម្រេចឡើយ ទ្រង់បានលះបង់នូវទុក្ករកិរិយានោចោះល ព្រោះជាមាគ៌ាដែលធ្វើឲ្យព្រះឣង្គ មានសេចក្តីលំបាកព្រះវរកាយ ដោយឥតប្រយោជន៍ ទើបទ្រង់បែរមក ធ្វើសេចក្តីព្យាយាមត្រូវ ដែលជាផ្លូវ កណ្តាលហើយ ទ្រង់បានសម្រេច នូវព្រះសម្មាសម្ពោធិញ្ញាណ ក្រោមដើមមហាពោធិព្រឹក្ស ទ្រង់ប្រថាប់គង់ សោយវិមុត្តិសុខ ក្នុងទីនោះ ឣស់រយៈពេល ៧ ថ្ងៃ ហើយស្តេចយាងទៅ ប្រថាប់គង់នៅក្រោមដើមឣជបាលនិគ្រោធ… ក្រោមដើមមុច្ចលិន្ទ នឹងទ្រង់ប្រថាប់គង់ ក្រោមដើមរាជាយតនៈ កន្លែងនីមួយៗ ឣស់រយៈ ពេល ៧ ថ្ងៃហើយស្តេចយាងមក ប្រថាប់គង់នៅ ក្រោមដើមឣជបាលនិគ្រោធម្តងទៀត ។

សម័យនោះ ស្តេចវសវតីមារ គិតថា “ឥឡូវនេះ សិទ្ធត្ថកុមារបានកន្លងផុតនូវវិស័យ របស់យើងហើយ” ដូច្នេះហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។

ចំណែកធីតាមារទាំង ៣ គឺ នាងតណ្ហា ឣរតី និង នាងរាគា ឃើញបិតា របស់ខ្លួន កើតទុក្ខទោមនស្ស យ៉ាងនេះហើយ ទើបបានប្រាប់បិតា ថា “បពិត្រព្រះបិតា កូនស្រីទាំង ៣ នាក់ ជាស្រីក្រមុំ មានរូបស្រស់ស្អាតល្អ កូននឹងទៅធ្វើការលួងលោមព្រះសម្មាសម្ពុទ្ធ ឲ្យស្ថិតនៅ ក្នុងវិស័យរបស់ខ្លួនបាន សូមព្រះបិតា កុំព្រួយបារម្ភអ្វីឡើយ” ហើយបានក្រឡាខ្លួន ជាស្រីពេញជំទង់ខ្លះ ស្រីពេញក្រមុំខ្លះ ស្រីចាស់ខ្លះ មានរូបរាងស្អាត ស្រស់ឆើតឆាយ គួរជាទីស្រឡាញ់ ពន់ពេកណាស់ បាននាំគ្នាមកលួងលោម សម្តែងនូវមារយាស្ត្រី មានប្រការផ្សេងៗ ហើយទូលព្រះសាស្តា ថា “បពិត្រព្រះមហាសមណៈ ខ្ញុំម្ចាស់ទាំង ៣ នាក់នេះ ជាស្រីក្រមុំ មានរូបស្រស់ប្រិមប្រិយ គួរឲ្យស្រឡាញ់ នឹងថ្វាយខ្លួន បម្រើព្រះឣង្គ” ។

ព្រះសាស្តា ទ្រង់ត្រាស់បណ្តេញ នូវធីតាមារទាំង ៣ នោះ ឲ្យចេញឆ្ងាយទៅ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.យស្ស ជិតំ នាវជីយតិជិតំ យស្ស នោយាតិ​ កោចិ លោកេ
តំ ពុទ្ធមនន្តគោចរំអបទំ កេន បទេន នេស្សថ ។

👉ជ័យជម្នះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ​ កិលេសណាមួយ​ ក្នុងលោក រមែងមិនជាប់​តាម​ជ័យ​ជម្នះ​ របស់​ព្រះពុទ្ធអង្គនោះ​ នាងទាំងឡាយ​ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែល​មាន​គោចរ​គ្មាន​ទី​បំផុត​ មិន​មាន​កិលេស​ដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត ។

២.យស្ស ជាលិនី វិសត្តិកាតណ្ហា នត្ថិ កុហិញ្ចិ នេតវេ
តំ ពុទ្ធមនន្តគោចរំអបទំ កេន បទេន នេស្សថ ។

👉តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ​ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បី​នឹង​នាំ​ទៅ​ក្នុង​ភព​ណា​មួយ​ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត​ មិន​មាន​កិលេស​ដូច​ស្នាម​ជើង​ ដោយកិលេសដូចស្នាមជើង​ មេ្តចកើត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៤-ពុទ្ធវគ្គរឿង

📜១. មារធីតា
📜២. យមកបាដិហារ្យ
📜៣. ឯរកបត្តនាគរាជ
📜៤. ឣានន្ទត្ថេរប្បញ្ហា
📜៥. ឣនភិរតភិក្ខុ
📜៦. ឣគ្គិទត្តបុរោហិត
📜៧. ឣានន្ទត្ថេរបញ្ហា
📜៨. សម្ពហុលភិក្ខុ
📜៩. កស្សបទសពលសុវណ្ណ…