ពុទ្ធវគ្គ
មាន៩រឿង – ១៨គាថា
☸️៩. រឿង កស្សបទសពលសុវណ្ណចេតិយ
ព្រះបរមសាស្តា ទ្រង់ស្តេចយាងចេញ ពីទីក្រុងសាវត្ថី ឆ្ពោះ ទៅកាន់ទីក្រុងពារាណសី ព្រមជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប លុះទយាងមកដល់សាលាមួយ នៅពាក់កណ្តាលផ្លូវ ក្បែរផ្ទះព្រាហ្មណ៍ ម្នាក់ ឈ្មោះថា តោទេយ្យៈ ទ្រង់បានឈប់សម្រាក ក្នុងទីនោះ ហើយត្រាស់ឲ្យព្រះឣានន្ទ និមន្តទៅតាមព្រាហ្មណ៍ ដែលកំពុងតែភ្ជួរស្រែ ឲ្យគាត់មកគាល់ព្រះឣង្គ ។
ព្រាហ្មណ៍នោះ លុះមកដល់ហើយ ក៏មិនបានថ្វាយបង្គំព្រះ សាស្តាទេ តែបានថ្វាយបង្គំចំពោះទេវស្ថានប៉ុណ្ណោះ ហើយបានឈរនៅស្ងៀម ។
ព្រះសាស្តា ទ្រង់ត្រាស់សួរ ថា “ម្នាលព្រាហ្មណ៍ ឣ្នកសម្គាល់នូវទេវស្ថាននេះថាទុកដូចជាអ្វី?” ។ ព្រាហ្មណ៍ ក្រាបទូលថា “បពិត្រ ព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំ បានសម្គាល់ថា ជាចេតិយស្ថាន តាម ប្រពៃណី របស់ពួកទូលព្រះបង្គំទាំងឡាយ” ។
ព្រះសាស្តា ទ្រង់ត្រាស់សរសើរ ថា “ម្នាលព្រាហ្មណ៍ ឣ្នកគោរពបូជានូវទេវស្ថានេះ ជាការប្រសើរហើយ” ។ ភិក្ខុទាំងឡាយបានឮហើយ ក៏កើតសេចក្តីសង្ស័យថា “ព្រោះ ហេតុអ្វីហ្ន៎ បានជាព្រះសាស្តាត្រាស់សរសើរ នូវការឣភិវាទទេវស្ថាននេះ? ” ។
ព្រះសាស្តា កាលទ្រង់ដោះស្រាយ នូវសេចក្តីសង្ស័យ របស់ភិក្ខុទាំងនោះ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ទេវស្ថាននេះ គឺ ជាចេតិយ របស់ព្រះពុទ្ធ” ហើយ ទ្រង់ត្រាស់សម្តែង នូវពុទ្ធានុភាពដើម្បីធ្វើឲ្យចេតិយមាសនោះ មកប្រាកដ ដល់ភិក្ខុទាំងនោះ នឹងប្រជាជនទាំងឣស់ ក្នុងទីនោះ ។ ពួកប្រជាជន ក៏បាននាំគ្នា ធ្វើសក្ការបូជា ចំពោះចេតិយមាសនោះ ដោយសេចក្តីជ្រះថ្លា យ៉ាងក្រៃលែង ។
ព្រះសាស្តា ទ្រង់បានសម្តែងផលានិសង្ស នៃការធ្វើសក្ការបូជា ដោយព្រះគាថានេះ ថា ៖
| ១៧. | បូជារហេ បូជយតោ | ពុទ្ធេ យទិ វ សាវកេ |
| បបញ្ចសមតិក្កន្តេ | តិណ្ណសោកបរិទ្ទវេ ។ |
👉កាលបុគ្គលបូជា ដល់បូជារហបុគ្គល គឺព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោក និងសេចក្តីខ្សឹកខ្សួល ។
| ១៨. | តេ តាទិសេ បូជយតោ | និព្វុតេ អកុតោភយេ |
| ន សក្កា បុញ្ញំ សង្ខាតុំ | ឥមេត្តមបិ កេនចិ ។ |
👉កាលបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីបរិនិពា្វនទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះ មានប្រមាណប៉ុណ្ណេះ បានឡើយ ។
ចប់ពុទ្ធវគ្គ ទី ១៤
