៧. ព្រះតិស្សត្ថេរ

សុខវគ្គ

មាន៨រឿង – ១២គាថា

☸️៧. រឿង ព្រះតិស្សត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះតិស្សត្ថេរ ក្នុងថ្ងៃដែល ព្រះឣង្គទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ ដើម្បីយាងចូលនិព្វាន ក្នុងថ្ងៃពេញបូណ៌មី នាខែវិសាខ ។

ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង ប្រជុំគ្នាជាពួកជាក្រុម ។ ចំណែក ព្រះតិស្សត្ថេរ មិនបានចូលទៅប្រជុំ ជាមួយភិក្ខុទាំងនោះទេ តែបានគិតថា “ឣាត្មាឣញ ត្រូវតែខំប្រឹងប្រែង ព្យាយាមបំពេញគុណធម៌ ដើម្បីឲ្យបានសម្រេចព្រះឣរហត្តផល ក្នុងពេលព្រះសាស្តា ទ្រង់មានព្រះជន្មាយុនៅឡើយ” លុះគិតស្រេចហើយ ក៏បានគេចចេញទៅតែម្នាក់ឯង ដើម្បីបំពេញសមណធម៌ ។ ភិក្ខុទាំងឡាយបានចោទព្រះថេរៈ ថា “មិនមានសេចក្តីស្រឡាញ់ចំពោះព្រះសាស្តា” ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តព្រះថេរៈមក ដើម្បីត្រាស់សួរ ។ ព្រះថេរៈ បានក្រាបទូលការនឹកគិត របស់ខ្លួនដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់បានប្រទាន នូវសព្ទសាធុការ ថា “សាធុៗ” ហើយទ្រង់ត្រាស់ឲ្យភិក្ខុទាំងឡាយយកធ្វើជាគំរូ ទ្រង់ត្រាស់សរសើរ នូវធម្មានុធម្មបដិបត្តិ ស្រេចហើយត្រាស់នូវព្រះគាថានេះ ថា ៖

៩.បវិវេករសំ បិត្វារសំ ឧបសមស្ស ច
និទ្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។

👉ភិក្ខុផឹករសវិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង​ ផឹករសបីតិ​ ដែលកើតអំពីធម៌ផង ទើប​ជា​អ្នក​មិន​មាន​សេចក្ដីក្រវល់ក្រវាយ​ មិនមានសេចក្ដីសៅហ្មងឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៥-សុខវគ្គរឿង

📜១. ការហាមព្រះញាតិ
📜២. មារ
📜៣. កោសលរាជបរាជ័យ
📜៤. ឣញ្ញត្រកុលទារិកា
📜៥. ឣញ្ញត្រឧបាសក
📜៦. ព្រះបាទបសេនទិកោសល
📜៧. ព្រះតិស្សត្ថេរ
📜៨. សក្កទេវរាជ